(ភ្នំពេញ)៖ ហ្គារ៉ាស់សាំងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមមន្រ្តីជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទៅផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា ការសង់ហ្គារ៉ាស់សាំងមួយនេះ មិនមានច្បាប់គ្រប់គ្រាន់ និងខុសស្តង់ដារទៀតផង។
លោក ឈឿង ផល្លា មន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលដឹកនាំក្រុមចុះទៅកាន់ទីនោះ បានប្រាប់ភ្នាក់ងារ Fresh News ថា ការសាងសង់ហ្គាសរ៉ាស់សាំងមួយនេះ ដែលមានម្ចាស់ឈ្មោះ ហៀន សុប៉ូលីន បានសុំច្បាប់តែត្រឹមអាជ្ញាធរសង្កាត់ និងខណ្ឌប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានលិខិត អនុញ្ញាតពីសាលារាជធានីភ្នំពេញនៅឡើយទេ។
លោកថា សម្រាប់បញ្ហាបច្ចេកទេស ទៀតនោះ គឺម្ចាស់ស្ថានីយ៍ប្រេងមួយនេះ បានសង់លើគំរបលូ និងនៅជិតផ្លូវ ដែលច្បាប់មិនអនុញ្ញាត ពោលតាមច្បាប់នោះ គឺត្រូវសាងសង់ចេញពីអ័ក្ស ផ្លូវទៅ ប្រវែង៣០ម៉ែត្រ និងម្ចាស់ស្ថានីយ៍ត្រូវថយ១៥ម៉ែត្រទៀត។
សម្រាប់ការសាងសង់ នៅលើគំរបលូនោះ ត្រូវបានម្ចាស់ទីតាំងយល់ព្រមជីកកកាយឡើងវិញ និងធ្វើតាម លក្ខខណ្ឌបច្ចេកទេស របស់ក្រុមមន្រ្តីជំនាញ។ ដោយមើលឃើញថា ទីតាំងខាងលើ នៅមិនទាន់បំពេញតាម លក្ខខណ្ឌបច្ចេកទេស និងតាមស្តង់ដារនោះ ទើបខាង មន្រ្តីជំនាញ សុំឲ្យអាជ្ញាធរមូលដ្ឋាន ចេញលិខិតផ្អាកជាបណ្តោះអាសន្ន រង់ចាំការកែសម្រួលជាថ្មីឡើងវិញ៕