(កំពង់ស្ពឺ)៖ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់មន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់» ពាក់ព័ន្ធការប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ នាំឲ្យមានការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមហ្វេសបុក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅ លោក ខៃ សម្ផស្ស បានចេញដីកាកោះហៅជនសង្ស័យឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និងមានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ អោយចូលបំភ្លឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីសាកសួរពីដំណើររឿង «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និង បង្ខាំងមនុស្សដោយខុសច្បាប់» ។
យោងតាមដីកាបញ្ជូនរឿងរបស់តំណាងអយ្យការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យឯកសារខាងលើ យល់ឃើញថា ឈ្មោះ សូយ ចាន់លឿន ហៅ ទេស ចាន់លឿន ហៅ វ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនាយរងទីចាត់ការអភិវឌ្ឍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្ននៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
បានប្រព្រឹត្តអំពើហិង្សា និងការបង្ខាំងទុកមែន។
តំណាងអយ្យការ បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ បានជិះរថយន្តជាមួយគ្នា គោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ដោយឈ្មោះ សូយ ចាន់សឿន ជាអ្នកបើករថយន្ត លុះពេលធ្វើដំណើរជិតដល់រង្វង់មូលក្រុងតាខ្មៅ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ ឌួង ហេម៉ាលីស បានទាស់ពាក្យសំដីជាមួយគ្នា។
ស្រាប់តែឈ្មោះ សូយ ចាន់សឿន ខឹង ក៏បានឈប់រថយន្ត រួចធ្វើសកម្មភាពវាយទៅលើឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃត្រូវចំមុខ, ភ្នែក, ផ្កាម, ចង្កា និងទ្រូង ព្រមទាំងយកកាំភ្លើងគំរាមបាញ់បំបាក់ជើងឈ្មោះ ឌួង ហេម៉ាលីស ថែមទៀតប្រសិនបើឈ្មោះ ឌួង ហេម៉ាលីស ហ៊ានចុះពីលើរថយន្ត។ បន្ទាប់មកឈ្មោះ សូយ ចាន់សឿន បានបើករថយន្តដឹកឈ្មោះ ឌួង ហេម៉ាលីស ឡើងមកភ្នំពេញ រួចបន្តដំណើរមកដល់សង្កាត់កណ្តោលដុំ ខេត្តកំពង់ស្ពឺ ដោយពេលធ្វើដំណើរតាមផ្លូវឈ្មោះ សូយ ចាន់សឿន បានវាយធ្វើបាបឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃបន្ថែមទៀត បណ្តាលឱ្យមានរបួសស្នាម និងបានដឹកឈ្មោះ ឌួង ហេម៉ាលីស បន្តមកផ្ទះ កូនចៅរបស់ខ្លួនឈ្មោះ ស្រី សម្បត្តិ ស្ថិតនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានបង្ខាំងឈ្មោះ ឌួង ហេម៉ាលីស ទុកនៅក្នុងបន្ទប់នៃផ្ទះនោះ តាំងពីម៉ោង ១៥ និង០០នាទី រសៀលដល់ម៉ោង១៩ និង០០នាទី ដោយឈ្មោះ
សូយ ចាន់សឿន អង្គុយនៅមុខផ្ទះ មិនឲ្យឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះទេ រហូតដល់ មានសមត្ថកិច្ចនគរបាលមកដល់ ទើបសមត្ថកិច្ចបាននាំឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះ
មកព្យាបាលរបួសនៅមន្ទីរពេទ្យ។
ក្រោយចេញពីមន្ទីរពេទ្យ ឈ្មោះ ឌួង ហេម៉ាលីស ក៏បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់។ អំពើខាងលើជាបទល្មើស៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុស
ច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ៕