(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះការបង្កើតសហគមន៍ទេសចរណ៍ ដេីម្បីរួមចំណែកទាក់ទាញទេសចរក្នុងស្រុក និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលការណ៍នៃរដ្ឋបាលខេត្តដែលបាននិងកំពុងជំរុញដល់រដ្ឋបាលក្រុង-ស្រុកឲ្យយកចិត្តទុកដាក់លើការបង្កើតឲ្យមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន។
ការថ្លែងបែបនេះរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវបានលេីកឡេីងក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមនៅសហគមន៍ទេសចរណ៍បាគង់ភូមិខ្ញុំ ចំនួន២០នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ធឹម សេរីវុធ ប្រធានការិយាល័យឧស្សាហកម្ម នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប និងជាគ្រូបង្គោលវគ្គបណ្ដុះបណ្ដាលនេះ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងជួយឲ្យសហគមន៍ទទួលបាននូវជំហានបម្រើសេវាកម្មតាមលក្ខណៈបច្ចេកទេសសមស្របមួយ ដោយសំខាន់លើការទទួលភ្ញៀវ ការថែរក្សាអនាម័យរបស់បុគ្គលិក និងបរិស្ថានសហគមន៍ ព្រមទាំងបច្ចេកទេសនៃការប្រតិបត្តិ ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវទេសចរ។
លោក ង៉ូវ សេងកាក់ បានលេីកឡេីងថា ការពង្រឹងសមត្ថភាពជាយុទ្ធសាស្រ្តមួយក្នុងការចូលរួមផ្ដល់សេវាកម្មភ្ញៀវប្រកបដោយគុណភាព និងប្រសិទ្ធិភាព ព្រមទាំងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការបង្កើតការងារឲ្យពួកគាត់ធ្វើក្នុងវិស័យទេសចរណ៍សហគមន៍ ។
លោកបន្តថា មន្ទីរទេសចរណ៍នឹងបន្តជួយរៀបចំ និងបណ្ដុះបណ្ដាលសមត្ថភាពដល់សហគមន៍បាគងភូមិខ្ញុំ ក៏ដូចជាសហគមន៍នានានៅខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាបមានលក្ខណៈស្តង់ដា ហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅសៀមរាបកាន់តែច្រើនបន្ថែមទៀត និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់។
លោកបន្តថា បដិសណ្ឋាកិច្ចល្អក្នុងវិស័យទេសចរណ៍ គឺមានសារៈសំខាន់ដើម្បីឆ្លើយតបតាមតម្រូវការនៃភ្ញៀវទេសចរ ទាំងនៅក្នុងដំណាក់កាលនៃការាតត្បាតជំងែកូវីដ-១៩ និងសម្រាប់ពេលអនាគត។
លោកបានគាំទ្រចំពោះការបង្កើតសហគមន៍ទេសចរណ៍ ដូចជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញ៉ំ ដែលបានរួមចំណែកទាក់ទាញអ្នកទេសចរណ៍ក្នុងស្រុកឲ្យមកទស្សនាខេត្តសៀមរាប និងជាការបង្កើតការងារជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពួកគាត់មានឱកាសរកប្រាក់ចំណូល ស្របតាមគោលការណ៍នៃរដ្ឋបាលខេត្ត ដែលបាននិងកំពុងជំរុញដល់រដ្ឋបាលក្រុង-ស្រុក ឲ្យយកចិត្តទុកដាក់លើការបង្កើតឲ្យមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន។
លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគង់ភូមិខ្ញុំ បានឲ្យដឹងដែរថា សហគមន៍ទេសចរណ៍បាគងភូមិ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន កាត់បន្ថយចំណាកស្រុក ការពារការកាប់ព្រៃឈើ បរបាញ់សត្វ អភិរក្សឲ្យសហគមន៍ក្លាយជាតំបន់បៃតង៕