(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះអតីតយុទ្ធជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់បែបនេះក្នុងពេលចុះពិនិត្យមើលដីសម្បទានសង្គមកិច្ច សម្រាប់ត្រៀមចាប់ឆ្នោតចែកសម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសា នៅឃុំក្រយា ស្រុកសន្ទុក ខេត្ត កំពង់ធំ នាព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

ក្នុងឱកាសនោះលោក គន់ គីម បានលើកឡើងថា អតីតយុទ្ធជន ជាអ្នកដែលបានគុណបំណាច់ខ្ពស់ចំពោះសង្គមជាតិ។ ជាពិសេសក្នុងពេលកម្ពុជាជួបកលិយុគភ្លើងសង្គ្រាម។

លោក គន់ គីម បានគូសបញ្ជាក់ថា «បងប្អូនអតីតយុទ្ធជនយើងគាត់បានលះបង់ និងបូជាដោយស្មោះស្ម័គ្រ ចូលរួមជាមួយឥស្សរជនរបស់យើង ដើម្បីនាំមកនូវសុខសន្តិភាពដូចពេលបច្ចុប្បន្ន។ បងប្អូនយើងគាត់មានគុណបំណាច់ខ្ពស់ណាស់សម្រាប់ជាតិ»

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចក្នុងការឧបត្ថម្ភថវិកាសាងសង់ផ្ទះ និងដោះស្រាយរាល់ការខ្វះខាតរបស់អតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យគណៈកម្មាការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ សហការជាមួយ មន្ទីរជំនាញគ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋនៅតាមគោលដៅឲ្យបានល្អ កុំឲ្យមានការរំលោភបំពាន និងបែងចែកជាឡូតិ៍ ត្រៀមចាប់ឆ្នោតផ្តល់ជូនអតីតយុទ្ធជន នាពេលខាងមុខ។ បន្ថែមពីលើនោះ ត្រូវមានវិធានការជួយដោះស្រាយរាល់ការលំបាករបស់អតីតយុទ្ធជនឱ្យបានទាន់ពេលវេលា។

តាមរយៈការធ្វើបច្ចុប្បន្នភាព បានរកឃើញអតីតយុទ្ធជន គ្មានដី និងគ្មានផ្ទះស្នាក់នៅក្នុងខេត្តកំពង់ធំមានចំនួន ១៥៦គ្រួសារ។ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងស្មាតបត និងក្រាលក្តារកុងផ្លាកេ ទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន ១៥៦ខ្នង ស្មើនឹង ១៥៦គ្រួសារជូនអតីតយុទ្ធជនខេត្តកំពង់ធំផងដែរ៕