(ស្ទឹងត្រែង)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំធ្វើសិក្ខាសាលា ស្តីពីការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ សិក្ខាសាលានេះប្រព្រឹត្តិទៅ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ។
ថ្លែងក្នុងឱកាសនោះ លោកស្រី កុត ប៊ុនមី បានស្នើសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តស្ទឹងត្រែង ត្រូវខិតខំបំពេញការងារនេះ ឲ្យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារដែលត្រូវបានគេបំពារបំពាន ត្រូវដែលអាចកើតឡើង ជាយថាហេតុ និងត្រូវខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹង ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដើម្បីឧត្តមប្រយោជន៍ កិច្ចការពារកុមារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។
លោកស្រី ញ៉េប សុភាព បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៖
*ទី១៖ ជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលរាជរដ្ឋាភិបាលបានអនុម័ត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដល់ថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារ
*ទី២៖ កំណត់រកដំណោះស្រាយជាយុទ្ធសាស្រ្ត និងឱកាស នៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍លើគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ ការរៀបចំសិក្ខាសាលានេះ ទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា។
លោកស្រី ញ៉េប សុភាព បានបន្តថា ដោយមើលឃើញពីតម្រូវការជាក់ស្តែង និងចាំបាច់សម្រាប់ការពារកុមារនៅកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីរដ្ឋមន្រ្តី វង សូត និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទើបគណៈកម្មការការពារ កុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តាមរយៈកិច្ចប្រជុំរបស់ខ្លួន ជាច្រើនលើកបានសម្រេចរៀបចំគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះឡើង ដើម្បីជាត្រីវិស័យចង្អុលទិស ដល់គ្រប់ផ្នែក ពាក់ព័ន្ធឲ្យបំពេញការងារ ជាប្រព័ន្ធប្រទាក់ក្រឡា និងធ្វើយ៉ាងណាឲ្យអ្នកទទួលផលដែលជាកុមារ និងក្រុមគ្រួសារទទួលបានអត្ថប្រយោជន៍របស់ខ្លួន យ៉ាងពិតប្រាកដ។
លោកស្រី បានបន្ថែមថា ការរៀបចំគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺបន្ស៊ីយន្តការដែលមានស្រាប់ និងបន្តអនុវត្ត ឲ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់សេវាប្រកបដោយសង្គតិភាពសម្រាប់កុមារ និងគ្រួសារកុមារ ដើម្បីធានាថាបញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់ សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។ នេះជាជំហានថ្មីមួយទៀតក្នុងការ វិនិយោគជាមួយកុមារ ដោយសារការ វិនិយោគលើកុមារនៅថ្ងៃនេះ និងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពល នាពេលអនាគត៕