(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់យោធាចារ្យ ត្រូវយកចិត្តទុកដាក់រៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ការងារ បទពិសោធន៍ប្រយុទ្ធ និងប្រវត្តិស្នាដៃឆ្នើមក្នុងការដឹកនាំរបស់យោធិនជាន់ខ្ពស់ ក្នុងកងឯកភាពកងយោធពលខេមរភូមិន្ទ។
ការក្រើនរំឮកបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ នៅទីចាត់ការហ្វឹកហ្វឺន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អ របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាពចំណុះឱ្យអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្តបំពេញការងារបំរើជាតិ ប្រជាជន ការពារជាតិ ទឹកដី បានយ៉ាងរឹងមាំ ពិសេសបានយកចិត្តដាក់ក្នុងការបន្តបង្កើនសកម្មភាពការងារហ្វឹកហ្វឺន បង្កើនសមត្ថភាពឱ្យដល់កងទ័ពរបស់ខ្លួន។
តាមរយៈនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២០ និងផ្សាព្វផ្សាយផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ នាថ្ងៃនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ដើម្បីអនុវត្តឱ្យបានជោគជ័យ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសដើម្បីធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាពបំពេញការងារសម្រេចបានជោគជ័យ គណៈកម្មការដឹកនាំការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ត្រូវមានគោលការណ៍ដឹកនាំ ក្នុងការជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្ដាសាលា កងឯកភាព តាមសន្ទស្សន៍ និងសេចក្តីត្រូវការរបស់កងយោធពលខេមរភូមិន្ទ ដោយលើកកម្ពស់ ម្ចាស់ការទទួលខុសត្រូវខ្លួនឯង និងធានាគុណភាពខ្ពស់។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា ថ្នាក់ដឹកនាំទាំងអស់ក៏ត្រូវបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនសាលា របស់កងយោធពលខេមរភូមិន្ទឱ្យបានសមស្របនិងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរភូមិន្ទ ដូចជាយកចិត្តទុកដាក់ ពង្រីកសាលាកងទ័ពជើងទឹក ឱ្យទៅជាវិទ្យាស្ថានកងទ័ពជើងទឹក ជំរុញបង្កើតសាលាទ័ពជំនាញ ដូចជាសាលាទ័ពជំនាញរថក្រោះ សាលាទ័ពជំនាញការពារអាកាស និងសាលាទ័ពជំនាញកាំភ្លើងធំ ដែលត្រូវសិក្សារយៈពេល ៤ឆ្នាំ នៅជុំគីរី ខេត្តកំពត។ បន្តជំរុញកងឯកភាព និងជំនាញមួយចំនួន ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារជាតិ ជាពិសេសអង្គភាពឈរជើងតាមបន្ទាត់ព្រំដែន ការកសាងមូលដ្ឋានសាលា ឱ្យមានទីតាំងពិតប្រាកដ ទាំងការិយាល័យធ្វើការងារ អគារស្នាក់នៅ អគារសិក្សា ផ្ទះបាយ និងទីលានហ្វឹកហាត់ជាដើម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំទាំងអស់ក៏ត្រូវជំរុញលើកទឹកចិត្ត និងយកចិត្តទុកដាក់បំប៉នយោធាចារ្យ ឱ្យមានសមត្ថភាពក្នុងការបំពេញការងារ និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេងបំពេញបន្ថែមតាមសេចក្តីត្រូវការជាក់ស្ដែង ត្រូវយកចិត្តទុកដាក់ និងពង្រឹងគុណភាពហ្វឹកហ្វឺន វគ្គហ្វឹកហ្វឺន ហ្នឹងសាលា ឱ្យមានគុណភាពខ្ពស់ បន្តជំរុញការរៀបចំឯកសារសម្រាប់ហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវកែសម្រួលឯកសារ យុទ្ធវិធីឱ្យស្របតាមយុទ្ធសាស្ត្រការពារជាតិ និងកែសម្រួលឯកសារមួយចំនួនឱ្យបានឯកភាពគ្នា ដូចជាឯកសារការងារសេនាធិការ សញ្ញាសំគាល់យោធា លំហាត់របៀបជាដើម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំឮកឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តសហការជាមួយបណ្ដាប្រទេសជាមិត្ត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយត្រូវរៀបចំកសាងមូលដ្ឋានសាលា នឹងដំណើរការហ្វឹកហ្វឺន នៅក្នុងប្រទេសកម្ពុជា ដោយសហការជាមួយស្ថាប័នជាតិ អន្តរជាតិ ស្វែងយល់អំពីច្បាប់ជាតិ និងអន្តរជាតិ គ្រោះមហន្តរាយ និងរោគរាតត្បាត។
នាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យគ្រប់កងឯកភាពទាំងអស់ ឱ្យបន្តប្រពៃណី ស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺនលើគ្រប់ជំនាញឱ្យកងទ័ព កាន់តែមានសមត្ថភាព យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឱ្យដល់នាយ ពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាយើង។
លោកឧត្តមសេនីយ៍ឯក ចាន់ សុភក្ត្រា បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ ២០២០កន្លងមកនេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងភារកិច្ចបណ្ដុះបណ្ដាលធន់ធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងពង្រីកសមត្ថភាព វិជ្ជាជីវៈ ឆ្លើយតបទៅនឹងភារកិច្ចចំពោះមុខស្របតាមយុទ្ធសាស្ត្រការពារជាតិ សកម្មភាពហ្វឹកហ្វឺន ត្រូវបានដំណើរការបើកទូលាយដល់បណ្ដាកងឯកភាពបណ្ដាលសាលា ស្ថាប័នគ្រប់ថ្នាក់ គ្រប់ជំនាញអនុវត្តតាមផែនការកំណែទម្រង់ និងម្ចាស់ការច្នៃប្រឌិតចាត់តាំងហ្វឹកហ្វឺននៅហ្នឹងកន្លែងដើម្បីលើកកម្ពស់សមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការបំពេញភារកិច្ចតាមមុខតំណែងដែលបានប្រគល់ឱ្យ។
ទន្ទឹមគ្នានេះដែរ មានវគ្គបណ្ដុះបណ្ដាលតាមសាលាមួយចំនួន បានចាត់តាំងសិក្ខាកាមចេញទៅអនុវត្តជាក់ស្ដែងនៅតាមបណ្ដាកងឯកភាពនៅទិសបណ្ដាយោធភូមិភាគ ចុះអនុវត្តតាមមន្ទីរពិសោធន៍ ការចាត់តាំងបាញ់គ្រាប់ពិត ហើយនិងវគ្គសិក្សាខ្លះក្រោយពេលបញ្ចប់វគ្គបានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីប្រតិបត្តិការរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌។
ក្រៅពីការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទបានចូលរួមគ្រប់សកម្មនៃពិធីបុណ្យនានាតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល នឹងសហការជាមួយគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិ ក្នុងការរៀបចំពិធីបុណ្យជាតិធំៗ និងទទួលគណៈប្រតិភូជាន់ខ្ពស់ គ្រប់បណ្ដាប្រទេសមួយចំនួនដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕