(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលរងស្រុកស្ទោង បានជំរុញឲ្យម្ចាស់ក្រុមហ៊ុនកសិកម្ម ម្ចាស់កសិដ្ឋាន និងកសិករឲ្យផលិតកសិផល ដែលមានគុណភាពព្រមទាំងប្រើប្រាស់ជី និងថ្នាំគីមីទៅតាម បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។
លោកបានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកឣញ្ជើញជាឣធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង និងក្រុមហ៊ុនកូនខ្មែរ ឣិល ឣិល កសិកម្មទំនើប ឯ .ក នៅព្រឹកថ្ងៃទី១៩ ខែ កុម្ភ: ឆ្នាំ២០២១នេះ។
លោក គង់ សំអាត បានបន្ថែមថា ម្ចាស់ក្រុមហ៊ុនថ្នាំ និងជីកសិកម្មទាំងឣស់ ត្រូវតែធ្វើការបង្ហាញ និងណែនាំដល់កសិករ និងឣ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ពីបច្ចេកទេស នៃការប្រើប្រាស់ថ្នាំ និងជីដើម្បីឲ្យការប្រើប្រាស់មានប្រសិទ្ធភាព មានការសន្សំសំចៃ មិនប៉ះពាល់បរិស្ថាន។ល។
លោកក៏បានជំរុញម្ចាស់កសិដ្ឋាន ក៏ដូចជាកសិករត្រូវសិក្សាឲ្យបានច្បាស់ពីគុណភាព និងការប្រើប្រាស់ផលិតផលគីមី ដើម្បីគុណភាព ប្រសិទ្ធភាព នៃការប្រើប្រាស់ដែលធ្វើឲ្យការផលិតទទួលបានទិន្នផលខ្ពស់ មិនខូចគុណភាពដី ហើយជាកសិផលដែលមានគុណភាព និងមិនប៉ះពាល់សុខភាពឣ្នកប្រើប្រាស់។
ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យានេះ លោក គង់ សំអាត បានបញ្ជាក់ថា នេះជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់ចេញក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ។
លោកក៏បានដាស់តឿនទៅដល់មន្ត្រី ដែលបានអនុវត្តគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាអនុវត្តកម្មវិធីគម្រោងឲ្យបានល្អប្រសើរ និងជួយថែរក្សាទ្រព្យសម្បត្តិ ដែលបានផ្ដល់ឲ្យបានយូរអង្វែង ទោះបីជាចប់គម្រោងក៏ដោយ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ឲ្យចំគោលដៅ ក្នុងការលើកស្ទួយជីវភាពកសិករ ឲ្យកាន់តែប្រសើឡើង។
ជាមួយនេះផងដែរ លោក ឡាយ លន់ ឣគ្គនាយកក្រុមហ៊ុន «កូនខ្មែរ ឣិល ឣិល កសិកម្មទំនើប ឯ.ក» បានបង្ហាញនូវការស្វាគមន៍ក្នុងកិច្ចសហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិនិង បរិស្ថានស្រុកស្ទោង ម្ចាស់កសិដ្ឋាន និងកសិករទាំងឣស់ ក្នុងការលើកម្ពស់ និងឣភិវឌ្ឍវិស័យកសិកម្ម តាមរយ:ការកាត់បន្ថយថ្លៃដើម ផលិតការបង្កើនទិន្នផល គុណភាពផលិតផល និងការផ្សារភ្ជាប់បណ្តាញទីផ្សារកសិផល និងកិច្ចសហការគ្រប់បែបយ៉ាង៕