(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបន្ថែមកម្លាំងអន្តរាគមន៍ ទៅតាមគោលដៅមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិការបំពេញបេសកកម្ម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសទៀតនោះគឺការទប់ស្កាត់ការ លួចឆ្លងដែនខុសច្បាប់។
សូមបញ្ជាក់ថា ការបន្ថែមកម្លាំងនេះ តបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំកងទ័ពជើងគោក, យោធភូមិភាគទី៥ និងគណៈបញ្ជាការឯកភាពខេត្ត សំដៅទប់ស្កាត់ឲ្យខានតែបាន ការលួចឆ្លងដែនចូលតាមគ្រប់រូបភាព គេចវេះពីការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ផ្លាស់ប្តូរវេនល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ ២៤ម៉ោង គ្រប់បណ្តាគោលដៅ ដែលបានកំណត់ និងរកឲ្យឃើញនូវមេខ្យល់ដែលញុះញង់ និងលួចនាំពលករចូលតាមគ្រប់រូបភាពដើម្បីកម្លាំងជំនាញចាត់វិធានការទៅតាមផ្លូវច្បាប់។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានកោតសរសើរ នូវការខិតខំបំពេញការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដែលបានឃាត់អ្នកលួចឆ្លងដែនបានជាបន្តបន្ទាប់។ ជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព អនុវត្តអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕