(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន ៣គោលដៅ នៅជាយរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង ៩យប់ដល់ម៉ោង៣ទៀបភ្លឺ។
យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់នេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ ៣ទីតាំង ដែលស្ថិតនៅជាយរាជធានីភ្នំពេញ គឺទីមួយស្ថិតនៅ តាមបណ្តាយផ្លូវជាតិលេខ៤ និងទីតាំងទីពីរ ស្ថិតនៅផ្លូវជាតិលេខ៥ និងទីបីស្ថិតនៅផ្លូវជាតិលេខ៦ ។
គួរបញ្ជាក់ថា របាយការណ៍ផ្លូវការ របស់សមត្ថកិច្ចបានឲ្យដឹងថា ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ គ្មានការឃាត់អ្នកបើកបរស្រវឹងឡើយ។
កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕