(ភ្នំពេញ)៖ ផលិតផលកសិកម្ម សំខាន់ៗ របស់កម្ពុជា រួមមាន៖ ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, គ្រាប់ពោត, គ្រាប់ស្វាយចន្ទី, ម្រេច, ម្ទេសស្រស់ សរុបចំនួនជាង១១ម៉ឺនតោន ត្រូវបាននាំចេញនៅក្រៅប្រទេស នៅខែដំបូង ឆ្នាំ២០២១។
ប្រទេសដែលជាគោលដៅ ក្នុងការនាំចេញ ផលិតកសិកម្ម របស់កម្ពុជា រួមមាន៖ ចិន, វៀតណាម, សិង្ហបុរី, ជប៉ុន, ហុងកុង, កូរ៉េ, តៃវ៉ាន់, ថៃ, ប៊ែលហ្សិក, អាមេរិក, ស៊ុយអ៊ែត និងប្រទេសមួយចំនួនទៀត។
តាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅអនុវត្ដបន្ដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ បានបញ្ជាក់ថា ផលិតផលកសិកម្ម សំខាន់ៗ ទាំង៦មុខ ត្រូវបាននាំចេញ នៅក្រៅប្រទេស នីមួយៗរួមមាន៖
* ផ្លែចេកស្រស់ ចំនួន ៤០,៩៥៦តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងប្រទេសជប៉ុន។
* ផ្លែស្វាយស្រស់ ចំនួន១១,៦៣៧តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសវៀតណាម ថៃ កូរ៉េ សិង្ហបុរី និងហុងកុង។
* គ្រាប់ពោត ចំនួន៤៤,៤៧១តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសកូរ៉េ តៃវ៉ាន់ ថៃ និងប្រទេសវៀតណាម។
* គ្រាប់ស្វាយចន្ទី ចំនួន៣,១៨៣តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសវៀតណាម ចិន និងប្រទេសថៃ។
* ម្រេច ចំនួន២តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសស៊ុយអ៊ែត ជប៉ុន ប៊ែលហ្សិក អាមេរិក និងប្រទេសកូរ៉េ។
* ម្ទេសស្រស់ ចំនួន១៦,២៥២តោន ត្រូវបាននាំចេញ ទៅកាន់ប្រទេសថៃ។
ក្រៅពីនាំចេញ ផលិតផលកសិកម្ម សំខាន់ៗ ទាំង៦មុខនេះ ក្នុងខែមករា ឆ្នាំ២០២១ កម្ពុជា ក៏បាននាំចេញជ័រកៅស៊ូ បានចំនួន៥២,៧១១តោន និងទទួលបានចំណូលជិត ៨៥លានដុល្លារអាមេរិកផងដែរ៕