(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-រុស្សី មានចំនួន៦៣,៨១លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មាន៥៥.៣៦លានដុល្លារអាមេរិក។
នេះបើយោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី។
កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ មានការចូលរួមពីលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន។
លោក សំហេង បូរ៉ា បានឲ្យដឹងពីសាវតានៃ គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ចំនួន៥រួមមាន៖
១៖ ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ។
២៖ ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និងបណ្តាញផ្តល់សេវាកម្ម។
៣៖ ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង។
៤៖ ការផលិតល្បាយអ៊ីសូឡង់ ការពារកម្តៅបានមកពីអង្កាម និងចំបើង។
៥៖ ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។
លោកបានបញ្ជាក់ថា គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់ឱកាសធុរកិច្ចថ្មី សម្រាប់វិស័យឯកជន របស់ភាគីទាំងពីរ ក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ម្យ៉ាងវិញទៀតតាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ជំរុញគម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខនឹងអាចផ្តល់ឱកាស ក្នុងការចាប់ផ្តើមចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី៕