(សៀមរាប)៖ ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនិងសម្រាលកូនតូច ចំនួន ៨០នាក់ មកពីបណ្តាឃុំ ក្នុងស្រុកប្រាសាទបាគង នៅមណ្ឌលសុខភាពបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើមី្បគាំទ្រសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។
សំណេះសំណាលនាឱកាសនោះ លោកស្រី ទាង អេង ទៀសីហា បានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ក្នុងការបម្រើសេវាព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូន នៅក្នុងមណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏កាន់តែមានការយល់ដឹង និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង។
ក្នុងនោះដែរលោកស្រី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងបានធ្វើការណែនាំផងដែរ ក្នុងនោះដែរលោកស្រី ក៏បានលើកនូវការណែនាំមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗគ្រប់រូប សំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និង ទទួលយកសេវាបង្ការ ព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ មានជំនាញ និង បានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូន ទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំ ការកំណត់របស់គ្រូពេទ្យ។
នៅក្នុងដំណាក់កាលកូវីដ-១៩នេះ លោកស្រី ក៏បានធ្វើការណែនាំ និង ផ្តល់នូវបទពិសោធន៍ល្អៗ អំពីវិធីថែទាំទារក ចាប់ពីនៅក្នុងផ្ទៃ រហូតពេលសម្រាលជូនស្ត្រី ដែលជាអ្នកម្តាយគ្រប់រូប គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ទាំងនៅមុនពេលក្នុងការបំបៅកូន និង កាផ្គត់ផ្គង់អាហារបំប៉នដល់កូនៗរបស់ខ្លួន ទៅតាមការណែនាំរបស់គ្រួពេទ្យ។ ពិសេសនៅពេលដែលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារក នៃជំងឺរលាកផ្លូវដង្ហើមរាក និង ជំងឺឆ្លង ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើមី្បធ្វើការព្យាបាលជាបន្ទាន់។
«ម៉្យាងទៀតរដូវហួតហែងមកដល់ហើយ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ នូវភ្លើងផ្សែង នៅតាមផ្ទះ ឬ តាមទៅវាលស្រែ ដើមី្បជៀសវាងកុំឲ្យមានកើតនូវភាពអន្តរាយណាមួយចំពោះបងប្អូន។ កត្តាសំខាន់ក្នុងពេលដែលកំពុងជួបនូវបញ្ហាជំងឺកូវីដនេះ បងប្អូនត្រូវធ្វើអនាម័យឲ្យ បានជាប្រចាំ ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ អាល់កុល ឬ ជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អផងដែរ»។ លោកស្រី ទាង អេង ទៀសីហា គូសបញ្ជាក់។
សម្រាប់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, ត្រីខ១យូរ, ឃីត១កញ្ចប់, ទឹកដោះគោខាប់ ២កំប៉ុង, ស្ករស ១គីឡូក្រាម, មី១កេស, សាប៊ូក្រអូប ២ដុំ, អាវបំបៅដោះកូន ១, សម្ភារៈទារក ១កញ្ចប់, និងថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ៕