(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ នឹងបើកសវនាការកាត់ទោសអតីតនិស្សិតម្នាក់ ដែលបានអំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល នៅលើទំព័រ Facebook កាលពីឆ្នាំមុន។ នេះបើតាមផ្តល់ដំណឹងរបស់ លោក អំ សំអាត មន្រ្តីស៊ើបអង្កេតនៃលីកាដូ។
យុវជនម្នាក់នោះមានឈ្មោះ គង់ រ៉ាយ៉ា អាយុ២៥ឆ្នាំ ជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ឆ្នាំមុន បន្ទាប់ពីរូបគេសរសេរខ្លឹមសារអំពាវនាវឱ្យធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញសង្គម Facebook ។
Fresh News មិនអាចទំនាក់ទំនងទៅលោក សំ សុគង់ មេធាវីការពារក្តីឱ្យយុវជនខាងលើនេះនោះទេ នៅព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ាយ៉ា បានសរសេរបង្ហោះលើ Facebook ដោយអំពាវនាវយ៉ាងដូច្នេះថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលអនាគត ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជារូបខ្ញុំត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏ដោយ ក៏ខ្ញុំនៅតែធ្វើវាដដែល»៕