(កំពង់ឆ្នាំង)៖ មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ដែលត្រូវជាឱពុកម្តាយរបស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា រួមទាំងកូនចៅទាំងអស់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីបុណ្យសម្ពោធឆ្លងនូវសមិទ្ធិផលនានា ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅតាមវត្តអារាមចំនួន ៣១វត្ត ស្ថិតនៅស្រុកកំពង់លែង ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ពិធីបុណ្យនេះដែរបានប្រារព្ធធ្វើនៅវត្ត អម្ពវ័ន (វត្តថ្មី កំពង់បឹង) ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទជិតឆ្ងាយចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ និងអនុមោទនានូវ មហាបុញ្ញកុសល តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ។
លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានឱ្យដឹងថា មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ រួមទាំងកូនចៅ បានក៏កសាងនូវសមិទ្ធផលនានា ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជូនសង្គមជាតិ ក្នុងស្រុកកំពង់លែងដូចជា៖
*សម្រាប់វិស័យអប់រំ៖ បានសាងសង់អគារសិក្សាជាច្រើនខ្នង ក្នុងស្រុកកំពង់លែង មាននៅអនុវិទ្យាល័យ នៅបឋមសិក្សា និងមត្តេយ្យសិក្សា និងបានចូលរួមចំណែកជាដែក ស៊ីម៉ង់ដ៏ ឥដ្ឋ សំរាប់កសាងអគារសិក្សា នៅតាមសហគមន៏ ក្នុងស្រុកកំពង់លែងនិងតាមបណ្តាស្រុក ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
*វិស័យសុខភាព និងទឹកស្អាត៖ ជួយជាថវិកា កសាងអណ្តូងទឹកជូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន០៦ ក្នុងស្រុកកំពង់លែង សម្រាប់ប្រើប្រាស់ជាទឹកស្អាត។
*ការងាររដ្ឋបាល៖ ចូលរួមចំណែក ពង្រឹងប្រព័ន្ធការងាររដ្ឋបាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការលើកកំពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋបានផ្តល់ Computer ដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាល សាលាវិទ្យាល័យហ៊ុនសែន កំពង់លែង សាលាបឋមសិក្សាកំពង់បឹង និងលោកគ្រូចៅអធិការវត្តអម្ពវ័ន្ធ។
*វិស័យពុទ្ធសាសនា៖ បានចូលរួមកសាង ព្រះវិហារ សាលាឆាន់ កុដិ ប្រគេនឥដ្ឋ ស៊ីម៉ង់ដ៏ ដែក ក្លោងទ្វារ ឌីណាម៉ូភ្លើង ម៉ាស៊ីនភ្លើង ដងទង់ ស្រះទឹក សាលាបុណ្យ និងសមិទ្ធិផលនានាក្នុងវត្ត និងថវិការាប់សិបលានរៀល។
តំណាងឱ្យព្រះសង្ឃ មន្ត្រីរាជការ គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែងទាំងអស់លោក សំ ចាន់ថន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ រួមទាំងកូនចៅ និងសូមគោរពបួងសួងដល់ សូមមានព្រះជន្មយឺនយូ និងសមប្រកប ជួបប្រទះតែនឹងសេចក្តីសុខ សេចក្ដីចំរើន និងសូមមានសិរីសួរស្តី ជ័យមង្គលវិបុលសុខ គ្រប់ប្រការ ជានិច្ចតរៀងទៅ។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធិផលនានានេះផងដែរ មហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ រួមទាំងកូនចៅ បានចូលរួមជួយបន្ថែមនូវស៊ីម៉ង់ត៍១០តោន និងថវិកា ៣ពាន់ដុល្លារបន្ថែមទៀតសម្រាប់ទុកក៏សាងក្នុងវត្ត។
ជាមួយគ្នានោះ ក៏មានចែកជូនអំណោយដល់តាជី យាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជិត៥០០នាក់ និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ២៣១អង្គ និមន្តមកពីតាមវត្តក្នុងស្រុកកំពង់លែងផងដែរ៕