(កណ្ដាល)៖ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅស្រុកស្អាង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ២១ បានរអ៊ូរទាំមកកាន់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ដោយស្នើសុំឲ្យជួយផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរ ដោះស្រាយបញ្ហាឡានដឹកដី-ខ្សាច់បង្កើតបញ្ហា បង្កការភ័យខ្លាចដល់ពួកគាត់ជាញយដងរួចមក អាជ្ញាធរស្រុកស្អាងដឹកនាំដោយលោក ញឹម វណ្ណឌិន បានដឹកនាំកម្លាំងចុះចាប់ឃាត់ឡានយកទៅពិន័យយ៉ាងចាស់ដៃ និងអប់រំតៃកុងឡានកុំឲ្យបើកឈ្លើយជាដើម។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការសហការចូលរួមពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្អាង ជាច្រើននាក់ផងដែរ ដោយបានបើកប្រតិបត្តិការចុះចាប់ឡានដឹកដី-ខ្សាច់គ្មានការយោគយល់ និងពិន័យទៅតាមច្បាប់ ដោយគ្មានការយោគយល់ខ្សែខាងណា ខ្នងខាងណានោះទេ។
លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានប្រាប់ភ្នាក់ងារ Fresh News ថា កន្លងមកអាជ្ញាធរតែងតែហៅថៅកែដេប៉ូខ្សាច់ និងក្រុមអ្នកឡាន ទៅអប់រំជាច្រើនលើក ច្រើនសារមកហើយ ជុំវិញការអនុវត្តទៅតាមគោលការណ៍អាជីវកម្មរ៉ែ និងច្បាប់ចរាចរណ៍ ពិសេសក្រុមតៃកុងឡានតែម្ដង ហាមបើកឈ្លើយ ហាមបើកលឿន ហាមដាក់ស៊ីផ្លេខ្យល់ ហាមវ៉ាជែងដោយគ្មានសីលធម៌ និងហាមប្រការមិនល្អជាច្រើនផ្សេងទៀត។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា លោកនឹងនៅតែអនុវត្តន៍វិធានការណ៍នេះជាប្រចាំ ដើម្បីទប់ស្កាត់មិនឲ្យមានការបង្កើតបញ្ហា ក្នុងទឹកដីស្រុកស្អាងរបស់លោកជាដាច់ខាត ពិសេសគឺអនុវត្តន៍តាមការចង់បានរបស់ប្រជាពលរដ្ឋ។
គួរជម្រាបថា កន្លងទៅថ្មីៗនេះ Fresh News ទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា ដេប៉ូខ្សាច់របស់លោកវិសាល ជាទីតាំងធំ បង្កើតបញ្ហាធំជាងគេ ដែលបានបង្កឲ្យខ្សាច់ជ្រុះរាយប៉ាយ តាំងពីចេញពីដេប៉ូរហូតដល់ឆ្លងកាត់មុខ សាលាស្រុកស្អាង កាត់មុខអធិការដ្ឋាននគរបាលស្រុកស្អាងតែម្ដង ហើយហួសទៅដល់ផ្សារថែមទៀត ដែលមានប្រវែងជាង១គីឡូម៉ែត្រនោះ ដែលបង្កឲ្យដីខ្សាច់រប៉ាត់រប៉ាយកកពេញលើផ្លូវជាតិលេខ២១ ដែលជាថ្នល់ដែលធ្លាប់តែស្អាត ប៉ុន្តែបែជាពោរពេញទៅដោយដីខ្សាច់ហុយ និងរអិលគួរឲ្យបារម្ភ៕