(កណ្ដាល)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ហោ លីណា បានចោទប្រកាន់ពលរដ្ឋទាំង១២នាក់ ដែលប្រព្រឹត្តិអំពើហិង្សា លើករណីវិវាទដីធ្លីមួយ នៅស្រុកខ្សាច់កណ្ដាល ហើយករណីនេះត្រូវបានចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក អឿន វណ្ណា សម្រេចដោះលែងប្រជាពលរដ្ឋចំនួន១២នាក់វិញ ប៉ុន្តែត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ដើម្បីកុំឲ្យពួកគាត់ប្រព្រឹត្តទង្វើ ដដែលៗទៀត។
នេះបើតាមការឲ្យដឹងពីសំណាក់លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល។
លោក ទិន សុចិត្រា បានបញ្ជាក់ថា ករណីនេះតំណាងអយ្យការ លោក ហោ លីណា បានសម្រេចចោទប្រកាន់ពួកគាត់ទាំង១២នាក់ និងបញ្ជូនសុំណុំរឿងនេះ ទៅចៅក្រមសើបសួរ ហើយត្រូវលោក អឿន វណ្ណា សម្រេចធ្វើការដោះលែងពួកគាត់ ដែលមានប្រុស៨នាក់ និងស្ត្រី៤នាក់ ឲ្យត្រលប់ទៅផ្ទះវិញ ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្ល្លូវតុលាការដដែល ដើម្បីការពារកុំឲ្យពួកគាត់ប្រព្រឹត្តទង្វើនេះជាដដែលៗ។
គួរជម្រាបថា ពលរដ្ឋទាំង១២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រោយពួកគាត់បានប្រើអំពើហិង្សាលើករណីវិវាទដីធ្លីមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល។
ជាមួយគ្នានេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ស្នើឲ្យពលរដ្ឋបញ្ឈប់ការបំពានលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ក្រោយពលរដ្ឋមួយចំនួន បានតវ៉ាទាមទារចង់បានចំណែកដីលើដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលមានឯកសារត្រឹមត្រូវ ដោយកុំចាញ់កលល្បិចអ្នកញុះញង់នៅពីក្រោយឲ្យសោះ។
លោកអភិបាលស្រុក បានថ្លែងប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពលរដ្ឋមួយក្រុមមានគ្នាជាង១០នាក់ បានលើកគ្នាមកតវ៉ាដោយហិង្សាលើករណីវិវាទលើដីកម្មសិទ្ធិរបស់លោក ហង់ រាំង ដែលបានទិញកាលពីឆ្នាំ១៩៩៣ ដែលមានឯកសារទិញ លក់ត្រឹមត្រូវ មានទីតាំងស្ថិតនៅក្បែរដំរីស្រុត ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល។
លោកអភិបាលស្រុក បានថ្លែងថា ក្រោយទទួលពាក្យបណ្ដឹងពីម្ចាស់ដីឈ្មោះ ហង់ រាំង ប្ដឹងពីករណីពលរដ្ឋមួយក្រុមមកធ្វើសំណង់រឹងមាំ លើដីរបស់គាត់ អាជ្ញាធរស្រុកបានកោះហៅទាំង២ភាគី មកដោះស្រាយតាមនីតិវិធីចំនួន៣លើកមកហើយ ប៉ុន្តែភាគីខាងពលរដ្ឋមិនដែលចូលខ្លួនមកដោះស្រាយម្ដងណាឡើយ ហើយនៅតែបន្តសាងសង់សំណង់រឹងមាំ និងធ្វើរបងលើដីរបស់គេថែមទៀត ដែលជាហេតុនាំឲ្យខាងអាជ្ញាធរចាត់វិធានឈូសឆាយតាមផ្លូវច្បាប់។
លោកបន្តថា ក្រោយហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៦ ខែកុម្ភៈ, ពលរដ្ឋចំនួន១១នាក់ ត្រូវបាននាំយកទៅសួរនាំពីបញ្ហានេះ ហើយពន្យល់លម្អិតពីផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់ឈប់ចាញ់កលអ្នកដទៃ និងឈប់យល់ច្រឡំថាដីនេះនៅតែជាកម្មសិទ្ធិរបស់ពួកគាត់ ព្រោះពួកគាត់បានលក់ដីនេះ តាំងពីយូរឆ្នាំមកហើយ។
ជុំវិញករណីនេះ ពលរដ្ឋចំនួន២នាក់ តំណាង១០គ្រួសារ, ម្នាក់ឈ្មោះ គ្រុឌ សុខចាន់ និងឈ្មោះ ផា សុខលាភ បានអះអាងថា ដីនេះជាដីសាមគ្គីរួមដែលរដ្ឋបានចែកឲ្យពលរដ្ឋ ចំនួន១០គ្រួសារ តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ លើទំហំដីទទឹង៧០ម៉ែត្រ បណ្ដោយ៧០០ម៉ែត្រ។ លុះមកដល់ឆ្នាំ១៩៨៧-១៩៨៨ ពលរដ្ឋទាំង១០គ្រួសារ បានឯកភាពគ្នាលក់ដីមួយចំណែកនៅពាក់កណ្ដាលដីនេះជិតមួយហិកតាទៅឲ្យអតីតមេឃុំព្រែកតាកូវ ឈ្មោះ ហង់ រាំង ដោយគ្មានលិខិតកិច្ចសន្យាអ្វីទេ ពោលកាលណោះគេនិយាយតែមាត់ប៉ុណ្ណោះ។
អ្នកទាំង២បន្តថា ស្រាប់តែពេលបានដីហើយ លោក ហង់ រាំង ចាប់ផ្ដើមឈូសឆាយរំលោភចូលដីរបស់អ្នកភូមិបំរុងព័ទ្ធយកជាដីកម្មសិទ្ធិរបស់ខ្លួនទាំងស្រុង ប៉ុន្តែត្រូវបានពលរដ្ឋប្ដឹងចូលឃុំ ប៉ុន្តែគ្មានដំណោះស្រាយអ្វីឡើយមកដល់សព្វថ្ងៃ។
ជុំវិញការលើកឡើងនេះដែរ លោក ហង់ រាំង ម្ចាស់ដីកម្មសិទ្ធិបានប្រាប់ភ្នាក់ងារ Fresh News ថា គាត់បានទិញដីនេះពីពលរដ្ឋចំនួន៧គ្រួសារ ចំនួន២ហិកតាជាង តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយមានលិខិតទិញ លក់ត្រឹមត្រូវ ហើយអាជ្ញាធរក៏បានចេញបណ្ណកម្មសិទ្ធិឲ្យលោកផងដែរនៅឆ្នាំ១៩៩៦។ ដោយជំនាន់នោះ ដីនៅក្បែរនោះជាដីព្រៃ ដែលគ្មាននរណាជាកម្មសិទ្ធិនោះឡើយ ហើយលោកកាប់ព្រៃយកដីក្បែរៗនោះបន្ថែមសរុបបានជាង៤ហិកតានៅឆ្នាំ២០០៨ ហើយលោកក៏អាស្រ័យផលលើដីនេះជាហូរហែរមកដល់ឆ្នាំ២០២១នេះ ក៍ស្រាប់តែមានពលរដ្ឋមួយក្រុមមករំលោភយកដីរបស់គាត់តែម្ដង។
លោកបន្តទៀតថា ក្រោយពេលកើតបញ្ហាភ្លាម លោកក៏បានដាក់ពាក្យប្ដឹងចូលទៅអាជ្ញាធរឃុំ-ស្រុកដើម្បីរកយុត្តិធម៌ ហើយខាងអាជ្ញាធរក៏បានកោះហៅលោក ទៅដោះស្រាយវិវាទ លោកក៏ទៅតាមការកោះហៅ ប៉ុន្តែភាគីម្ខាងទៀត មិនដែលចូលមកដោះស្រាយឡើយចំនួន៣លើកឯណោះ។
លោក ហង់ រាំង ស្នើរដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់មនុស្សមួយក្រុម ដែលមានបំណងយកដីរបស់គាត់តាមរយៈការញុះញង់ ឲ្យពលរដ្ឋមកបង្កើតរឿង បង្កើតបញ្ហា ក្នុងគោលបំណងទុច្ចរិតរំលោភយកដីកម្មសិទ្ធិរបស់លោកទាំងកំរោលយ៉ាងដូច្នេះ ហើយលោកស្នើឲ្យដកខ្លួនចេញពីដីរបស់លោក ព្រោះលោកបានទិញមានលិខិតទិញ លក់ត្រឹមត្រូវ ហើយអាជ្ញាធរក៏ទទួលស្គាល់ និងបានចេញប័ណ្ណកម្មសិទ្ធិត្រឹមត្រូវផងដែរ៕