(ភ្នំពេញ)៖ លោក កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការដោះស្រាយវិវាទទេសចរណ៍ ដោយអនុលោមតាមមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់ស្ដីពីទេសចរណ៍ ដើម្បីប្រមូលធាតុចូលបន្ថែមក្នុងការរៀបចំសេចក្ដីព្រាងប្រកាសនេះប្រកបដោយសង្គតិភាព សុខដុមនីយកម្ម និងធានានីត្យានុកុលភាពក្នុងការដោះស្រាយវិវាទទេសចរណ៍។

សិក្ខាសាលានេះដែរក៏មានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធដារ ដែលជាក្រសួង-ស្ថាប័នមានបទពិសោធន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងមានការចូលរួមពីសមាគមពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ។

សេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការដោះស្រាយវិវាទទេសចរណ៍នេះ រួមមាន ៦ ជំពូក និង ១៩ ប្រការ។

គោលបំណងនៃការបង្កើតប្រកាសនេះ គឺដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការសម្របសម្រួល និងដោះស្រាយវិវាទទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលជាយន្តការឈ្នះ-ឈ្នះរវាងភាគីជម្លោះទាំងសងខាង និងអាចប្រកបរបរអាជីវកម្មជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។៕