(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំ និងជំរុញឲ្យថ្នាក់ដឹកនាំអាជ្ញាធរមីន បន្តចុះមូលដ្ឋានឲ្យកាន់តែសកម្ម ដើម្បីកសាងទំនាក់ទំនងស្និទ្ធស្នាល និងស្អាតស្អំរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលការលើកឡើងបែបនេះក្នុងឱកាសលោកទេសរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាជ្ញាធរមីន ដើម្បីបូកសុរបការងារ និងតម្រង់ទិសការងារបន្តសម្រាប់ការចុះមូលដ្ឋាន ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូន។
ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែយកចិត្តទុកខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនាមជាកូចចៅរបស់សមេ្តច យើងទាំងអស់គ្នាត្រូវបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជម្រុញការលើកកម្ពស់នៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងការធានាឲ្យបាននូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្មទាំងការងារស្នូលរបស់អាជ្ញាធរមីន និងការងារចុះមូលដ្ឋាន ក្នុងគោលដៅបម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ៕