(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផ្ញើលិខិតជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីរៀបចំចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អាចមកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រៅពីនេះ កម្លាំងនគរបាលនៅតាមវរការពារព្រំដែនគោក និងព្រំដែនទឹកនានា ត្រូវចាក់ជាមួយនឹងកងយោធពលខេមរភូមិន្ទនៅតាមព្រំដែន។ ដោយឡែក មន្ដ្រីនគរបាលនៅតាមខេត្ត នឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យខេត្ត នៅពេលដែលវ៉ាក់សាំងចែកជូនដល់ខេត្ត។
គួរជម្រាបថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,៨០៣នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,២៥៩នាក់។ របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៤,៦៦៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៨៦៦នាក់។
ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ១២,៨០៩នាក់ហើយ៕