(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមឱ្យពិនិត្យពិច័យ និងប្រយ័ត្នប្រយែងឱ្យបានខ្ពស់មុននឹងចែកចាយព័ត៌មានណាមួយ ដើម្បីកុំឱ្យប្រឈមនឹងការទទួលខុសត្រូវលើទោសទណ្ឌ ព្រោះតែការចែកចាយព័ត៌មានមិនពិតបំផុសបំផុលឱ្យវឹកវរក្នុងសង្គម។
ការក្រើនរំលឹករបស់លោក គឹម សន្តិភាព កើតមានឡើងបន្ទាប់ពីបានពិនិត្យឃើញមានមនុស្សជាច្រើនបានចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងព័ត៌មានថា «មានអ្នកគ្រូម្នាក់បានស្លាប់ព្រោះចាក់វ៉ាក់សាំងស៊ីណូហ្វាម» បំភ្លៃដោយដោយបុគ្គលឈ្មោះ «សឺន ហាយ» និង «អាសង្ហា» កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ។
ក្នុងសន្និសីទព័ត៌មានស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក គឹម សន្តិភាព បានហៅការបង្ហោះព័ត៌មាននេះ ជាការចេតនាមួយក្នុងការញុះញង់នាំឱ្យមានភាពវឹកវរនៅក្នុងសង្គម។
លោក គឹម សន្តិភាព បានគូសបញ្ជាក់យ៉ាងដូច្នេះ «ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការស្លាប់ពាក់ព័ន្ធការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់មហាមិត្តចិន គឺជាការផ្សព្វផ្សាយដែលមានគោលបំណងមួយច្បាស់លាស់ណាស់ក្នុងគោលបំណងបង្កឱ្យមានភាពវឹកវរក្នុងសង្គមតែម្តង ធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យមន្ត្រីរាជការ ធ្វើឱ្យយើងទាំងអស់គ្នានៅក្នុងសង្គមមានបញ្ហានៅក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា រួមទាំងអ្នកបានទទួលវ៉ាក់សាំងកន្លងមកផង។ អ៊ីចឹងនេះប្រាកដណាស់ជាអំពើមួយធ្វើឱ្យមានភាពវឹកវរដល់សង្គម»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានលើកមកបង្ហាញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងការបង្កើតព័ត៌មានញុះញង់នេះផងដែរ។ លោក គឹម សន្តិភាព បានលើកបង្ហាញថា ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ គឺជាការញុះញង់ដែលគេកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤។ លោកបន្តថា ការញុះញង់ គឺជាការសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ។
លោកបន្ថែមថា ក្នុងមាត្រា៤៩៥ ដែលជាមាត្រាបន្ទាប់ក្នុងក្រមព្រហ្មទណ្ឌនេះ បានកំណត់ថា បើការញុះញង់នោះ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។
ព័ត៌មានបំភ្លៃពាក់ព័ន្ធមូលហេតុនៃការស្លាប់របស់អ្នកគ្រូបង្រៀននៅខេត្តក្រចេះ ដែលបំភ្លៃដោយបុគ្គល «សឺន ហាយ» និង «អាសង្ហា» ត្រូវបានគេមើលឃើញថា មានមនុស្សចែកចាយជាច្រើនលើបណ្តាញសង្គម។
លោក គឹម សន្តិភាព បានគូសបញ្ជាក់ផងដែរថា សម្រាប់អ្នកបង្កើតព័ត៌មានញុះញង់ច្បាស់ណាស់ នឹងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់។ តែអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នេះ ក៏នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។
លោក គឹម សន្តិភាព បានបញ្ជាក់លើករណីនេះយ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនថា សម្រាប់អ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ ជាការទទួលខុសត្រូវមួយតាមមាត្រា៤៩៥ ប៉ុន្តែសម្រាប់អ្នកចែកចាយបន្តសូមជម្រាបថា ចង់ ឬមិនចង់ គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច ពីព្រោះអីការស៊ែរមានន័យថាយ៉ាងម៉េច? មានន័យថា យើងបញ្ជូនសារនេះបន្តឱ្យអ្នកដទៃបានឃើញ។ គោលបំណងនៃការស៊ែរបានន័យថា ជាគោលបំណងនៃការផ្សព្វផ្សាយ អ៊ីចឹងចង់ ឬមិនចង់ជាកម្មវត្ថុនៃការស្រាវជ្រាវមួយ របស់អាជ្ញាធរមានសមត្ថកិច្ច»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យពិនិត្យពិច័យឱ្យបានច្បាស់លាស់មុនចែកចាយព័ត៌មានណាមួយ។ ជាពិសេសត្រូវមើលពីប្រភពឱ្យបានច្បាស់លាស់ ព្រោះប្រភពព័ត៌មានជាចំណុចស្លាប់រស់មួយ ដែលបានកំណត់ថា តើព័ត៌មានហ្នឹងពិត ឬមិនពិត?។
លោក គឹម សន្តិភាព បានអំពាវនាវយ៉ាងដូច្នេះ «ប្រជាពលរដ្ឋយើងទូទាំងប្រទេស សូមយកចិត្តទុកដាក់ឡើងវិញ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌណាមួយ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់យើង»៕