(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានប្រាប់ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។
ការបញ្ជាក់អំពីផែនការទិញវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាទ្វេភាគីតាមទូរស័ព្ទ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរ នៅម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចសន្ទនាខាងលើបានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់»។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូសដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែង និងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។
ជាការឆ្លើយតប លោក ចៃហ្សានកា បានបញ្ជាក់ថា បច្ចប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ លោកបានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅ នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព។ លោកនឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូសនេះ ជូននាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង។
ឥណ្ឌាបានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ប្រភេទ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យប្រើប្រាស់រួចហើយដែរ ក្នុងនោះមានទី១ គឺវ៉ាក់សាំងឈ្មោះ Covaxin របស់មន្ទីរពិសោធន៍ឥណ្ឌា BharatBiotech និងទី២ គឺវ៉ាក់សាំងឈ្មោះ Covishield ដែលមានការរួមសហការពីមន្ទីរពិសោធន៍អង់គ្លេស AstraZeneca។ វ៉ាក់សាំងទាំងពីរប្រភេទនេះ ផលិតដោយវិទ្យាស្ថាន Serumឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេក្នុងលោក៕