(ស្វាយរៀង)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស រួមជាមួយ លោក Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅកម្ពុជា បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យស្វាយរៀង ស្តីពីឱកាស នៃការទទួលអាហារូករណ៍សិក្សានៅប្រទេសអូស្រ្តាលី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្ត និងស្មោះត្រង់ ដែលមានការគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ជាមួយកិច្ចសហប្រតិបត្តិការឧបត្ថម្ភដ៏ច្រើនលើសលប់ ក្នុងការរួមចំណែកប្រែមុខមាត់ថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់កម្ពុជា ដែលបានងើបផុតពី របបប្រល័យពូជសាសន៍ និងសង្រ្គាមរ៉ាំរ៉ៃអស់ជាងបីទសវត្សរ៍ ក្នុងនោះក៏មានការចូលរួមដល់ការបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា។
លោកបន្តទៀតថា ប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ប្រទេសអូស្រ្តាលី ក្នុងការជួយស្តារ និងកសាងប្រទេសកម្ពុជា នាពេលកន្លងមកទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលថ្មីៗនេះអូស្រ្តាលី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ផងដែរ។
លោក Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥២ ផ្តោតលើការងារកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាច្រើន លើគ្រប់វិស័យ ចាប់តាំងពីការទទួលបានសន្តិភាព ការស្តារឡើងវិញ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានេះ លោក Luke Arnold បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអូស្រ្តាលី តែងតែចូលរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងនោះរួមមានទាំងផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីបានទៅសិក្សានៅប្រទេសអូស្រ្តាលី។ លោកបន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលី បានលើកទឹកចិត្ត និងជំរុញឲ្យសិស្ស-និស្សិតតាមខេត្ត ស្រ្តី និងជនមានពិការភាព ជាបេក្ខជនអាទិភាព ក្នុងការទទួលអាហារូបការណ៍នេះ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី រួមជាមួយតំណាងស្ថានទូតអូស្រ្តាលី និងតំណាងអង្គការ UNDP បានអញ្ជើញចុះទៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីសិក្សាស្វែងយល់អំពីដំណើរការការងាររបស់ការិយាល័យគយ និងរដ្ឋាករបាវិត និងពិនិត្យការងារ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រោមមូលនិធិសម្រាប់ប្រព័ន្ធភាពធន់ (Resilience Fund) របស់ប្រទេសអូស្រ្តាលី៕