(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូល ខេត្តប៉ៃលិន ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាសហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទំនិញតាមទីផ្សារនានាក្នុងខេត្តប៉ៃលិននៅរសៀល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ១២០១៦។ នៅក្នុងប្រតិបត្តិការនោះ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដកហូតបានទឹកក្រូចដបធំ ចំនួន ១២ដប ទឹកខ្មេះរូបទន្សាយ១៥ដប ស្ករគ្រាប់ដូង១៣កញ្ចប់ធំមី៥កំប៉ុង និងបានធ្វើតេស្តបឋមរកសារធាតុគីមី formalin ទៅលើមឹក។ លទ្ធផលឃើញមានកំរិតទាប បន្ទាប់យើងក៏បានណែនាំឲ្យបញ្ឈប់ការដាក់តាំងលក់តទៅទៀត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យភ្នាក់ងារ Fresh News ថា ប្រតិបត្តិការនេះ គឺសំដៅលើមុខសញ្ញាទំនិញចំណីអាហារវេចខ្ចប់រួច ប្រភេទច្រកក្នុងប្រអប់ក្រដាស និងថង់ប្លាស្ទិច លក្ខខណ្ឌតម្រូវសម្រាប់ទំនិញវេចខ្ចប់រួច ទាំង៩ចំណុចនោះ រួមមាន ទី១ ឈ្មោះផលិតផល ទី២អាសយដ្ឋានផលិត ទី៣ម៉ាកផលិតផល ទី៤គ្រឿងផ្សំ ទី៥វិធីប្រើ ទី៦បរិមាណទម្ងន់ ទី៧ប្រភព ទី៨លេខឡូតិ៍ និងទី៩កាលបរិច្ឆេទប្រើប្រាស់។ លោកបានបន្ថែមថា នៅក្នុង៩ចំណុច នៃលក្ខខណ្ឌតម្រូវឱ្យប្រើខាងលើ យ៉ាងហោចណាស់ ក៏ត្រូវបានគោរពឱ្យបានដូចជា ឈ្មោះផលិតផលអាសយដ្ឋានផលិត ផ្ទះលេខ ភូមិឃុំសង្កាត់ ម៉ាកផលិតផល( រូបសញ្ញា)និងកាលបរិច្ឆេទនៃការប្រើប្រាស់។
ការគោរពបាននូវលក្ខខណ្ឌតម្រូវទាំងនេះ គឺវាមានអត្ថប្រយោជន៍ចំនួន២គឺ ទី១ អ្នកផលិត និងទទួលបានអតិថិជនកាន់តែច្រើន បើសិនជាផលិតផលនោះ មានគុណភាពល្អ ព្រោះវាមានការបង្ហាញអាសយដ្ឋានជូនអតិថិជន ប្រយោជន៍ ទី២ គឺសម្រាប់អ្នកទទួលលក់លើទីផ្សារ ពីព្រោះ បើសិនជាផលិតផលនោះ វាមានបញ្ហាប៉ះពាល់សុខភាពអតិថិជន សមត្ថកិច្ចជំនាញនឹងបានស្គាល់ប្រភពផលិត បើមិនដូច្នោះទេ អ្នកទទួលលក់ គឺជាអ្នកទទួលខុសត្រូវដូច្នេះអាជីវករដែលជាអ្នកទទួលលក់ផលិតផលទាំងនោះ ត្រូវយល់ដឹងអំពីបញ្ហាទាំងនេះផងដែរ។
មន្ត្រីជំនាញការអប់រំនោះ កម្លាំងមន្ត្រីជំនាញដែលចុះត្រួតពិនិត្យអំពីបញ្ហានេះ និងប្រាប់អាជីវករទាំងនោះ សម្រាប់ការចុះត្រួតពិនិត្យលើកក្រោយ គឺមិនអនុញ្ញាតឱ្យដាក់តាំងលក់ ទំនិញចំណីអាហារវេចខ្ចប់រួចណាមួយ ដែលមិនអនុវត្តតាម លក្ខខណ្ឌឡើយ៕