(បន្ទាយមានជ័យ)៖ នគរបាលខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនមេខ្យល់ ២នាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសារពួកគាត់ជាបណ្តាញដែលនាំជនជាតិខ្មែរ ទៅឲ្យមេខ្យល់នៅថៃ។ ជនសង្ស័យទាំង២ រួមមាន ១៖ ឈ្មោះ វឹង វាសនា ភេទប្រុស អាយុ៤៨ឆ្នាំ និង២៖ ឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ដែលទាំង២នាក់នេះ ជាបណ្តាញមេខ្យល់ម្នាក់ឈ្មោះចែ ណយ។
ការងារនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ៥នាក់ មកពីភូមិប្រកនាគ ឃុំចើងដឹង ស្រុកបារាយការណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ។
លោកស្រីបន្តថា ជាលទ្ធផលនោះឈ្មោះ វឹង វាសនា រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មុខរបរជាអ្នក់រត់តាក់ស៉ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ រស់នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រត់តាក់ស៉ីបាត់ដំបងមកស្វាយ ត្រូវបានចាប់ខ្លួន។ ជនសង្ស័យទាំង ២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះ ចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ។
លោកស្រីបានបញ្ជាក់ទៀតថា សមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីវែករកមុខមេខ្សល់ និងបក្ខពួកបន្ថែមទៀត៕