(សៀមរាប)៖ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានលើកឡើងថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមជាង ១៩០ ប្រទេស គឺមានតែកាកបាទក្រហមកម្ពុជានោះទេដែលមានឧទ្យាន និងមានដើមឈើរហូតដល់ជាង ២,៤៦០ ដើម។

ការថ្លែងបែបនេះរបស់លោក គុជ លីណា ធ្វើឡើងឱកាសលោកដឹកនាំសកម្មភាពសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ ដល់ ១៨ កុម្ភៈ ២០២១) និងដើម្បីអបអរខួប២២ឆ្នាំ នៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា។

លោក គុជ លីណា បានឲ្យដឹងថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីខេត្តសៀមរាប-អង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា មានអាយុកាលជិត ២២ ឆ្នាំហើយ ដោយលាតសន្ធឹងលើផ្ទៃដីទំហំជិត ៥ ហិចតា និងបានដាំដើមឈើតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

លោក គុជ លីណា បានបន្តថា «បច្ចុប្បន្ន ឧទ្យាននេះមានដើមឈើដល់ទៅជាង ២,៤៦០ ដើម ដែលជាគម្របធម្មជាតិមួយផ្នែកក្នុងការការពារបរិស្ថាននៅតំបន់អង្គរ ខណៈនៅលើពិភពលោក មានតែកាកបាទក្រហមកម្ពុជានោះទេដែលមានឧទ្យាន និងមានដើមឈើច្រើនបែបនេះ ក្នុងចំណោមសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមនៅក្នុងប្រទេសជាង ១៩០»។

សូមជម្រាបថា ការជួបជុំគ្នាសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានាថ្ងៃនេះ ក៏មានគោលបំណងបណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ពិសេសយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឫទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ឲ្យចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថានបៃតងសម្រាប់ធ្វើជាគំរូ និងទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយៗទៀត៕