(កំពង់ឆ្នាំង)៖ ដំណាំចេកជាដំណាំមួយប្រភេទដែលប្រជាកសិករនិយមចូលចិត្តដាំ តាំងតែពីសម័យចាស់បុរាណមក ដោយសារតែដំណាំចេកងាយស្រួលក្នុងការដាំដុះ និងថែទាំ និងមិនរើសដីផងដែរ។
នៅក្នុងភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បុរសជាកសិករម្នាក់មានឈ្មោះ ឡែម ឈិន អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបញ្ជក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកបានដាំចេកជាង ២ពាន់គុម្ព នៅលើដីចម្ការមួយកន្លែងមានទំហំជាង ៣ហិកតា រយៈពេល ៣ឆ្នាំមកហើយ ដែលលោកបានទទួលផលពីដំណាំចេកនេះជារៀងរាល់ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។
រីឯតម្លៃផ្លែចេកសព្វថ្ងៃនេះ លោកតាបានលក់បោះដុំឱ្យម៉ូយ ដែលមកទទួលទិញដល់ចម្ការដោយក្នុងចេកមួយស្និតលក់បានថ្លៃ ១,៥០០រៀល ហើយក្នុង១ខែ លោកអាចកាត់ផ្លែចេកលក់បានពី២០០០ ទៅ២៥០០ស្និត សម្រាប់ខែវស្សាដែលចេកសំបូរផ្លែ។ ដោយឡែក នៅក្នុងរដូវប្រាំងនេះវិញក្នុងមួយខែលោកតាអាចកាត់ផ្លែចេកលក់បានប្រមាណ ១,០០០ទៅ ១៥០០ស្និតតែប៉ុណ្ណោះ ព្រោះផ្លែចេកក្នុងរដូវក្តៅមិនសូវសម្បូរផ្លែ។ ចំណែកត្រយូងចេកវិញ ក៏អាចកាត់លក់បានថ្លៃក្នុងត្រយ៉ូងចេក ១ថ្លៃពី៥០០ទៅ ១,៥០០រៀល តាមត្រយូងចេកតូច ឬធំ។
លោកតាក៏បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងភូមិទឹកចេញបច្ចុប្បន្ននេះ ផ្លូវមិនសូវស្អាតល្អទេ គឺមានគ្រលុកច្រើន ដែលមានការពិបាកក្នុងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ។ ចំណែកភ្លើងអគ្គីសនីនៅក្នុងភូមិក៏មិនទាន់មានប្រើប្រាស់ដែរ គឺមានតែប្រើផ្ទាំងសូឡាពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ។ ប៉ុន្តែនៅខែវស្សាផ្ទាំងសូឡាននេះ មិនអាចស្រូបពន្លឺគ្រប់គ្រាន់សម្រាប់បញ្ចេញភ្លើងយកមកប្រើប្រាស់បានឡើយ ព្រោះនៅក្នុងតំបន់នេះជាតំបន់ព្រៃភ្នំសម្បូរភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃនៅរដូវវស្សា។
ដោយឡែកក្នុងភូមិទឹកចេញក៏មានប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារផងដែរ អាស្រ័យហេតុនេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមេត្តាជួយជួសជុលផ្លូវ និងស្ពានមួយកន្លែងក្នុងភូមិនិងជួយតបណ្ដាញ អគ្គីសនីឲ្យបានដល់ភូមិទឹកចេញដើម្បីអ្នកស្រុកក្នុងភូមិបានប្រើប្រាស់បានស្រួល៕