(ភ្នំពេញ)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ មានតែការជំរុញឱ្យភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍អេកូទេសចរណ៍ តំបន់កសិទេសចរណ៍-ទេសចរណ៍ជនបទនោះទេ ដែលជាគន្លឹះចម្បងមួយក្នុងការស្រោចស្រង់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។
ការថ្លែងបែបនេះរបស់លោក ង៉ូវ សេងកាក់ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តសៀមរាប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោកប្រធាន ង៉ូវ សេងកាក់ បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងមួយថ្ងៃចន្លោះពី ៣០-៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែចំពោះភ្ញៀវទេសចរជាតិវិញគឺនៅតែមានច្រើន ពិសេសនៅតាមសហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានាជាដើម។ ម្យ៉ាងទៀត នៅពេលមានពិធីបុណ្យទានម្ដងៗ ខេត្តមួយនេះក៏នៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងប្រទេសដដែល។
លោកបានបន្តថា កាលពីអំលុងខែមករា ខែកុម្ភៈ ខែមីនា នៃឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរក្នុងមួយខែចន្លោះពី ១៥០,០០០ ទៅ ១៧០,០០០ នាក់ ពោលគឺមានការធ្លាក់ចុះតិចតួច ប៉ុន្តែបន្ទាប់ពីជំងឺកូវីដ-១៩ រាតត្បាតខ្លាំងឡើងៗនោះមក ខេត្តនេះទទួលបានភ្ញៀវទេសចរក្នុងមួយថ្ងៃបានតែ ៥០ នាក់ប៉ុណ្ណោះ ដោយក្នុងមួយខែបានតែ ១,៥០០ ទៅ ១,៧០០ នាក់ប៉ុណ្ណោះ ដែលចំនួននេះគឺធ្លាក់ចុះខ្លាំងចាប់ពីខែមីនាដល់ខែធ្នូ ឆ្នាំ២០២០។
លោក សេងកាក់ បានបញ្ជាក់ទៀតថា ដើម្បីជាដំណោះស្រាយស្រោចស្រង់វិបត្តិនេះ ក្រសួងទេសចរណ៍ ក៏ដូចជាក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តផ្ដោតលើការរៀបចំគោលដៅទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅតាមតំបន់សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានា។
ក្រៅពីនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានខិតខំរៀបចំគោលដៅទេសចរណ៍ «សៀមរាបក្រៅពីប្រាសាទ» ដោយជំរុញឱ្យមានចលនាទេសចរទៅដល់រមណីយដ្ឋានទេសចរណ៍កែច្នៃ រមណីយដ្ឋានធម្មជាតិ និងតំបន់បឹងទន្លេសាបជាដើម។ ម្យ៉ាងទៀត នៅក្នុងក្រុងសៀមរាបនោះទៀតសោត រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវ ៣៨ ខ្សែ ដែលជាសក្ដានុពលទាក់ទាញដ៏ធំផងដែរ។
សូមជម្រាបថា ខេត្តសៀមរាបជាប៉ូលទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ប៉ុន្តែក្រោយពេលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ខេត្តនេះក៏បានជួបនូវការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ដែលធ្វើឱ្យមូលដ្ឋានអាជីវកម្មជាច្រើនត្រូវបិទទ្វារ និងព្យួរជាបណ្ដោះអាសន្ន៕