(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ប្រមាណ២០នាក់ រស់នៅតាមបណ្តោយផ្លូវលេខ១៩៤៤ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកគ្នាតវ៉ាដោយចោទ លោក យិត សូវួច សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមួយថា បានសាងសង់របងរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលពីមុនគម្រោងផ្លូវនេះមានទទឹងមាន២០ម៉ែត្រ ហើយពេលនេះនៅសល់ផ្លូវត្រឹម១០ម៉ែត្រប៉ុណ្ណោះ។
លោក ឃឹម ដានី ជាប្រជាពលរដ្ឋម្នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលនាំគ្នាតវ៉ា បានលើកសំណូមពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យជួយអន្តរាគមន៍បើកផ្លូវលេខ ១៩៤៤ ឡើងវិញ ទៅតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញវិញ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ក៏ដូចជាការកាត់បន្ថយការកកស្ទះចរាចរនេះ។ លោកអះអាងថា ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងក្រោយពីពួកលោកបានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ ទៅកាន់រដ្ឋបាលខណ្ឌសែនសុខ តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែគ្មានដំណោះស្រាយ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះ Fresh News បានព្យាយាមទាក់ទងតាមទូរស័ព្ទ របស់លោក យិត សូវួច ដើម្បីសុំការបកស្រាយផងដែរ ប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទឡើយ។
ការលើកគ្នាតវ៉ានេះ គេសង្កេតឃើញថា មិនមានអាជ្ញាធរចុះដោះស្រាយផ្ទាល់ឡើយ។
បើលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា យោងតាមប្លង់គឺផ្លូវលេខ ១៩៤៤ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ពិតជាមានទំហំ ចំនួន២០ម៉ែត្រ ប្រាកដមែន ប៉ុន្តែក្រោយមកដោយសារផ្លូវ ២០ម៉ែត្រនេះ វះចំដីរបស់លោក យិត សូវួច ជាពីរ (ពោលគឺវះចំពាក់កណ្ដាលដីលោក យិត សូវួច) ទើបលោក យិត សូវួច សម្រេចដាក់ពាក្យទៅគណៈកម្មការរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំបង្រួមផ្លូវមួយខ្សែរនេះ ពី២០ម៉ែត្រ មកនៅត្រឹម ១០ម៉ែត្រវិញ ហើយមានទាំងលិខិតអនុញ្ញាត្តត្រឹមត្រូវ៕