(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ការឃាត់ខ្លួនបុគ្គលខាងលើបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទី នៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅលើផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ បុគ្គលនេះបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ និងខែកុម្ភៈ ខែមីនា ឆ្នាំ២០២០។
ជនត្រូវចោទមានឈ្មោះ វ៉ាន អុល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧០ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចេញដោយលោក សេង រិទ្ធី ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តចំណាត់ការ៕