(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស ចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ចាប ភក្ដី បានថ្លែងទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៉ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី បានលើកឡើងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សូមគោរព និងសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមសម្ដែងនូវការដឹកនាំ និងថ្លែងអំណរគុណ ចំពោះការរួមសុខរួមទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់ពេលវេលាសម្ដេចតែងតែគិតគូរ ស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ការពារជំងឺនេះ។
លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី បានថ្លែងទៀតថា «យើងខ្ញុំសូមគោរព និងដឹងគុណជានិច្ច និងប្ដេជ្ញាការពារសន្ដិភាព ការពារបូរណភាពទឹកដី ការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។
គួរជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕