(ភ្នំពេញ)៖ ជនសង្ស័យពីរនាក់ ចូលលួចទ្រព្យសម្បត្តិ អ្នកលក់ចាប់ហួយ តែពេលម្ចាស់កំពុងតអំពូលភ្លើងក្នុងបន្ទប់ទឹក ចេញមកវិញឃើញទាន់ ស្រាប់តែជនសង្ស័យរត់ហែលទឹកចូលក្នុងបន្ទាយទាហានចាប់ជាប់ម្នាក់ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រែទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ពេច ពិឡុត អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតស្រុកពញាឮ ខេត្តកណ្តាល។
ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ វង វណ្ណា អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះបានឲ្យដឹងថា ខណៈដែលគាត់កំពុងតែចូលតអំពូលភ្លើងក្នុងបន្ទប់ទឹក ពេលដែលចេញ មកវិញស្រាប់តែឃើញ ជនសង្ស័យទាំងពីរនាក់កំពុងតែចូលលួចគាស់ប្រអប់ធុងលុយ របស់គាត់គាត់បានស្រែកឆោឡោផ្អើល ជនសង្ស័យរត់ឆក់យកទូរស័ព្ទ មួយគ្រឿងរត់ហែលទឹកចូល ក្នុងបន្ទាយទ័ពអាកាសត្រូវ បានទាហានចាប់បានម្នាក់ និងម្នាកទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕