(សៀមរាប)៖ ករណីជំងឺគ្រុនចាញ់នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០២០ កើតមានតែ ៥១ ករណីប៉ុណ្ណោះ ដែលមានការថយចុះដល់ទៅ ៨៤% បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៣០៤ ករណី, នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានបង្ហាញនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការអង្កេតតាមដានជំងឺគ្រុនចាញ់ ជូនដល់មន្ត្រីមណ្ឌលសុខភាព នៅសណ្ឋាគារសុខាល័យអង្គរ ក្នុងក្រុងសៀមរាប។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងវត្តមានគ្រូបណ្ដុះបណ្ដាល ព្រមទាំងអ្នកចូល ២០២នាក់ (ស្រ្ដី ៧៩នាក់)។
ក្នុងរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ មានចំនួន ៣១,៩៧១ ករណី រីឯនៅឆ្នាំ២០២០ ជំងឺគ្រុនចាញ់មានតែ ១,២៣៤ ករណីប៉ុណ្ណោះ (មានការថយចុះចំនួន ៧១%)។
ក្នុងខេត្តសៀមរាបមានមណ្ឌលសុខភាពចំនួន ៣៥ ក្នុងចំណោមមណ្ឌលទាំង ៩៣ ដែលចាត់ទុកថាជាតំបន់គ្រុនចាញ់ ក្នុងនោះ ២៧២ ភូមិស្ថិតក្នុងតំបន់គ្រុនចាញ់ ហើយមានអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥៤៤នាក់ ដែលកំពុងនិងបានបន្តធ្វើការងារយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមចំណែកក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល។
បើពិនិត្យពីករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ ក្នុងខេត្តសៀមរាបទាំងមូលមានជំងឺគ្រុនចាញ់ ៣០៤ ករណី តែនៅឆ្នាំ២០២០ ជំងឺគ្រុនចាញ់មានតែ ៥១ ករណីប៉ុណ្ណោះ ថយចុះ ៨៤%។
ចំពោះការធ្វើតេស្ដវិញនៅឆ្នាំ២០១៩ នៅខេត្តសៀមរាបធ្វើតេស្ដគ្រុនចាញ់បាន ៤៦,៤៦០ តេស្ដ ដល់ឆ្នាំ២០២០ ធ្វើតេស្ដជំងឺគ្រុនចាញ់បានដល់ទៅ ៧៦,៧៨៩ តេស្ដ កើនឡើង ៦៥%។ ទន្ទឹមនឹងនោះដែរ ខេត្តសៀមរាបបានចែកមុងបានចំនួន ២,៤៨០ មុង និងមុងចល័តបានចំនួន ៣៤,៣៧០ មុង។
របាយការណ៍ក៏បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននៅគោលនយោបាយជាតិ ស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាលមានសកម្មភាពជាច្រើនត្រូវបានអនុវត្តឡើង ដូចជានៅថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តសៀមរាបបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការតាមដានជំងឺគ្រុនចាញ់ ដែលជាការងារមួយចាំបាច់សម្រាប់កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ ដែលតម្រូវឲ្យសមាជិក-សមាជិកានៃវគ្គបណ្ដុះបណ្ដាលនេះត្រូវយកចិត្តទុកដាកខ្ពស់ផងដែរ៕