(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានពន្យល់អំពីនីតិវិធីសម្រាប់វាយតម្លៃទណ្ឌិត ដែលអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស។
ការពន្យល់នេះបានធ្វើឡើងក្នុងសន្និសីទស្តីពីលទ្ធផលនៃកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស» និងពង្រឹងការងារស្នើសុំអនុគ្រោះទោស ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌។
បើតាមលោកឧត្តមសេនីយ៍ឯក ឆែម សាវុធ, មានតែទណ្ឌិតគំរូ ដែលបានកែប្រែខ្លួនជាមនុស្សល្អទេ ដែលអាចដាក់ពាក្យស្នើសុំអនុគ្រោះទោសបាន។ លោកបន្តថា ដើម្បីក្លាយជាទណ្ឌិតគំរូ ត្រូវតែឆ្លងកាត់ការប្រឡងប្រណាំង ដោយគ្រប់ពន្ធនាគារ និងគ្រប់មណ្ឌលអប់រំកែប្រែ មានគណៈកម្មការប្រឡងប្រណាំងនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យថ្មី ស្តីពីការបន្ថូរបន្ថយទោស និងលើកលែងទោស។ ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
មាត្រាដដែលនេះ បានកំណត់បន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា៕
ចង់ដឹងអំពីនីតិវិធីវាយតម្លៃទណ្ឌិត ដែលអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស សូមទស្សនាការពន្យល់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារខាងក្រោមនេះ៖