ជប៉ុន រកឃើញក្មេងវ័យជំទង់ម្នាក់ មានផ្ទុកវីរុស Zika បន្ទាប់ពីរូបគេត្រឡប់មកពីប្រេស៊ីលវិញ
25-02-2016 18:25
(តូក្យូ)៖ ក្មេងវ័យជំទង់ម្នាក់ រស់នៅក្បែរទីក្រុងតូក្យូ ត្រូវបានគេរកឃើញថា មានផ្ទុកវីរុស Zika បន្ទាប់ពីរូបគេបានត្រឡប់មកពីប្រទេសប្រេស៊ីល នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅប៉ុន្មានទីមុននេះ។
នៅមុននេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan បានប្រកាសអាសន្នទៅលើបញ្ហានៃការរីករាលដាលនៃជំងឺ Zika និងបានបញ្ជាក់ថានៅពេលនេះ WHO កំពុងតែសិក្សា អំពីទំនាក់ទំនងរវាងទារកដែលកើតមក មានក្បាលតូច និងវីរុស Zika ដែលកំពុងវាយលុក ហើយដែលបង្កឡើងដោយសត្វមូសនោះ។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្វ្រិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្វ្រិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ៕