(ក្រចេះ)៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក កាទើ មហាំម៉ាត់ណោសស្រ៉ី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំព្រែកសាម៉ាន់ បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងចែកសម្ភារសិក្សាមួយចំនួន ជូនដល់សិស្សានុសិស្ស ប្រមាណ៣១៥នាក់ នៃសាលាបឋមសិក្សា ហ៊ុន សែន ឈើទាលភ្លោះ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក កាទើ មហាំម៉ាត់ណោសស្រ៉ី បានណែនាំឲ្យសិស្សានុសិស្ស ចូលរួមការពារខ្លួន ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវរក្សាអនាម័យលាងដៃ ពាក់ម៉ាស់ និងរក្សាគំលាតសង្គម និងបានណែនាំផ្តាំផ្ញើឲ្យសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ដើម្បីក្លាយជាធនធានបុគ្គលល្អ និងមានសមត្ថភាព ព្រោះជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

ជាមួយគ្នានេះ ប្រធានក្រុមការងារ ក៏បាននាំនូវថវិកា និងសម្ភារមួយចំនួនជូនសិស្សានុសិស្ស ៣១៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ០៣ក្បាល, ប៊ិច០២ដើម, ទឹកលុប០១ដើម, បន្ទាត់០១ដើម និងថវិកា១,០០០រៀល។ លោកគ្រូ អ្នកគ្រូ១០នាក់ ក្នុងម្នាក់ថវិកា២០,០០០រៀល, ប្រជាការពារ០៥នាក់ ម្នាក់ៗថវិកា១០,០០០រៀល៕