(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ការកសាងជាតិមាតុភូមិ គឺគ្មានទីបញ្ចប់នោះទេ ភាពជោគជ័យដ៏ធំធេងក្នុងប្រវត្តិសាស្ត្ររំដោះប្រទេសជាតិឱ្យរួចផុតពីរបបវាលពិឃាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាសក្តីភាពយ៉ាងច្បាស់ពីការរស់រានមានជីវិត ដូច្នេះ ការថែរក្សាសន្តិភាព ជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា។

ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំកម្ពុជា, លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ និងកីឡា, លោក ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង, លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោកគ្រូ-អ្នកគ្រូ និងនិស្សិតប្រមាណជាង ៣០០នាក់។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការកសាងជាតិមាតុភូមិ គឺគ្មានទីបញ្ចប់ទេ ព្រមទាំងបានរំលឹកអំពីការវិវត្តថ្មីៗ នៃប្រទេសជាតិ និងជោគជ័យដ៏ធំធេងក្នុងប្រវត្តិសាស្រ្តដ៏ខ្លីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី...! ការរស់រានមានជីវិតឡើងវិញក្រោយរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ទើបបានទទួលសុខសន្តិភាពស្ថិរភាព និងការឯកភាពជាតិពេញលេញទូទាំងប្រទេសទើបមានអាយុកាលជាង ២២ឆ្នាំប៉ុណ្ណោះ ក្រោមគោលនយោបាយឈ្នះឈ្នះ នាចុងឆ្នាំ១៩៩៨ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្នើម»

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណជូនចំពោះលោកគ្រូ-អ្នកគ្រូដែលបានខិតខំប្រឹងប្រែងពលីយកចិត្តទុក និងប្តូរផ្តាច់ក្នុងការផ្តល់នូវពន្លឺរស្មីនៃជាតិព្រមទាំងឈរយ៉ាងរឹងមាំងជាឆ្អឹងខ្នងនៃសង្គមជាតិយើង និងជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិដែលរាល់ការអភិវឌ្ឍមិនអាចខ្វះបានទេនូវធនធានមនុស្ស។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា លោកគ្រូ-អ្នកគ្រូមានគុណបំណាច់ខ្លាំងណាស់ ចំពោះជាតិមាតុភូមិក្នុងការអប់រំផ្តល់នូវសីលធម៌គុណធម៌ និងចែករំលែកនូវចំណេះដឹងចំណេះធ្វើពោរពេញដោយជំនាញជូនចំពោះយុវជនយុវតីខ្មែរគ្រាប់ជំនាន់ដែលនឹងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ជាតិ និងជាជនបង្គោលយ៉ាងសំខាន់សម្រាប់សង្គមគ្រួសារ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ក្មួយៗ និស្សិតដែលអាចនឹងក្លាយជាបញ្ញាវ័ន្ត និងជាថ្នាក់ដឹកនាំប្រទេសជាតិត្រូវមានភាពជឿជាក់ទស្សនៈវិស័យចក្ខុវិស័យនិងបេសកកម្មខ្លួនឯង ដើម្បីធ្វើជាត្រីវិស័យក្នុងការជួយតម្រង់ទិស និងកំណត់ទិសដៅសម្រាប់ភាពជោគជ័យក្នុងជីវិតហើយត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិដាច់ខាត។

លោកបានលើកឡើងថា ក្មួយៗត្រូវមានកត្តញ្ញូតាធម៌ និងការគោរពស្រឡាញ់ចំពោះមាតា-បិតា លោកគ្រូ-អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិ ដែលបានដឹកនាំប្រទេសកម្ពុជាតាំងពីចំណុចសូន្យពោល គឺប្រទេសមានសង្រ្គាមគ្មានធនធានមនុស្ស និងត្រូវគេហុំព័ទ្ធសេដ្ឋកិច្ចរហូតដល់ប្រទេសទទួលបានឯកភាពជាតិមានសុខសន្តិភាពស្ថិរភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ជាមួយនឹងសមិទ្ធិផលជាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ និងមិនអាចកាត់ថ្លៃបាននេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងសាងសង់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំមួយឆ្ពោះទៅមុខជានិច្ចសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាក៏ដូចជាក្មួយៗទាំងអស់ ក្នុងការផ្តល់នូវឱកាសគ្មានដែនកំណត់ ដើម្បីទទួលបាននូវរបបការងារសុខដុមរមនា និងការថែទាំសុខមាលភាពជាដើមដូចអ្វីដែលយើងទាំងអស់គ្នា បានឃើញយ៉ាងច្បាស់អំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ។ ដូច្នេះ យើងទាំងអស់គ្នាលោកគ្រូអ្នកគ្រូនិងក្មួយៗ និស្សិតដែលនឹងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ជាតិត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាឱ្យខានតែបាននូវសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួនយើងនេះ»

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ការថែរក្សាសន្តិភាព និងស្ថិរភាពជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ប្រព័ន្ធប្រជាធិបតេយ្យត្រូវតែឆ្លើយតបនឹងគោលបំណងរបស់ប្រទេសជាតិនិងប្រជាជនដោយផ្សាភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ និងសិទ្ធិសេរីភាព។ រាជរដ្ឋភិបាលជាប់ឆ្នោតដឹកនាំប្រទេសជាតិ គឺត្រូវដឹកនាំ និងបំពេញកាតព្វកិច្ចរបស់ខ្លួនតាមរបបនយោបាយដឹកនាំប្រទេសក្នុងការឆ្លើយតបនឹងសំណូមពរ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយរាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការប្រើប្រាស់អំណាចស្របច្បាប់របស់ខ្លួន ដើម្បីទប់ស្កាត់អំពើប្រឆាំង និងការបង្កអស្ថិរភាពណាមួយនៅក្នុងសង្គម៕