(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានស្នើឲ្យពលរដ្ឋបញ្ឈប់ការបំពានលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ក្រោយពលរដ្ឋមួយចំនួន បានតវ៉ាទាមទារចង់បានចំណែកដីលើដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលមានឯកសារត្រឹមត្រូវ ដោយកុំចាញ់កលល្បិចអ្នកញុះញង់នៅពីក្រោយ។

អភិបាលស្រុក បានថ្លែងប្រាប់មកភ្នាក់ងារ Fresh News នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានពលរដ្ឋមួយក្រុមជាង ១០នាក់ បានលើកគ្នាមកតវ៉ាដោយហិង្សាលើករណីវិវាទលើដីកម្មសិទ្ធិរបស់លោក ហង់ រាំង ដែលបានទិញកាលពីឆ្នាំ១៩៩៣ ដែលមានឯកសារទិញលក់ត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅក្បែរដំរីស្រុត ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល។

លោកអភិបាលស្រុកបានថ្លែងថា ក្រោយទទួលពាក្យបណ្ដឹងពីម្ចាស់ដីឈ្មោះ ហង់ រាំង ប្ដឹងពីករណីពលរដ្ឋមួយក្រុមមកធ្វើសំណង់រឹងមាំលើដីរបស់គាត់ អាជ្ញាធរស្រុកបានកោះហៅទាំង២ភាគី មកដោះស្រាយតាមនីតិវិធីចំនួន ៣លើកមកហើយ ប៉ុន្តែភាគីខាងពលរដ្ឋ មិនដែលចូលខ្លួនដោះស្រាយម្ដងណាឡើយ ហើយនៅតែបន្តសាងសង់សំណង់រឹងមាំ និងធ្វើរបងលើដីរបស់គេថែមទៀត ដែលជាហេតុនាំឲ្យខាងអាជ្ញាធរចាត់វិធានឈូសឆាយតាមផ្លូវច្បាប់។

លោកបន្តថា ក្រោយហេតុការណ៍ប៉ះទង្គិចគ្នាបន្តិចបន្តួចកាលពីថ្ងៃទី១៦ ខែកុម្ភៈ ពលរដ្ឋចំនួន១១នាក់ ត្រូវបានយកទៅសួរនាំពីបញ្ហានេះ ហើយពន្យល់លម្អិតពីផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់ឈប់ចាញ់កលអ្នកដទៃ និងឈប់យល់ច្រឡំថា ដីនេះនៅតែជាកម្មសិទ្ធិរបស់ពួកគាត់ ព្រោះពួកគាត់បានលក់ដីនេះតាំងពីយូរឆ្នាំមកហើយ។

ជុំវិញករណីនេះពលរដ្ឋចំនួន២នាក់ តំណាង១០គ្រួសារ, ម្នាក់ឈ្មោះ គ្រុឌ សុខចាន់ និងឈ្មោះ ផា សុខលាភ បានអះអាងថា ដីនេះជាដីសាមគ្គីរួមដែលរដ្ឋបានចែកឲ្យពលរដ្ឋចំនួន១០គ្រួសារ តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ លើទំហំដីទទឹង ៧០ម៉ែត្រ និងបណ្ដោយ៧០០ម៉ែត្រ។ មកដល់ឆ្នាំ១៩៨៧-១៩៨៨ ពលរដ្ឋទាំង១០គ្រួសារឯកភាពគ្នាលក់ដីមួយចំណែកនៅពាក់កណ្ដាលដីនេះជិតមួយហិកតា ទៅឲ្យអតីតមេឃុំព្រែកតាកូវឈ្មោះ ហង់ រាំង ដោយគ្មានលិខិតកិច្ចសន្យាអ្វីទេ ពោលគេនិយាយតែមាត់ប៉ុណ្ណោះ។

អ្នកទាំង២បន្តថា ស្រាប់តែពេលបានដីហើយ លោក ហង់ រាំង ចាប់ផ្ដើមឈូសឆាយរំលោភចូលដីរបស់អ្នកភូមិបំរុងព័ទ្ធយកជាដីម្មសិទ្ធិរបស់ខ្លួនទាំងស្រុង ប៉ុន្តែត្រូវបានពលរដ្ឋប្ដឹងចូលឃុំ ប៉ុន្តែគ្មានដំណោះស្រាយ អ្វីឡើយមកដល់សព្វថ្ងៃ។

ជុំវិញការលើកឡើងនេះដែរ លោក ហង់ រាំង ម្ចាស់ដីកម្មសិទ្ធិបានប្រាប់ភ្នាក់ងារ Fresh News ថា គាត់បានទិញដីនេះពីពលរដ្ឋចំនួន៧គ្រួសារចំនួន ២ហិកតាជាង តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយមានលិខិតទិញលក់ត្រឹមត្រូវ ហើយអាជ្ញាធរក៏បានចេញប័ណ្ណកម្មសិទ្ធិឲ្យលោកផងដែរនៅឆ្នាំ១៩៩៦។ ដោយជំនាន់នោះ ដីនៅក្បែរនោះជាដីព្រៃ ដែលគ្មាននរណាជាកម្មសិទ្ធិនោះឡើយ ហើយលោកកាប់ព្រៃយកដីក្បែរៗនោះបន្ថែម សរុបបានជាង ៤ហិកតានៅ ឆ្នាំ២០០៨ ហើយលោកក៏អាស្រ័យផលលើដីនេះជាហូរហែរមកដល់ឆ្នាំ២០២១នេះ ស្រាប់តែមានពលរដ្ឋមួយក្រុមមករំលោភយកដីរបស់គាត់តែម្ដង។

លោកបន្តទៀតថា ក្រោយពេលកើតបញ្ហាភ្លាម លោកក៏បានដាក់ពាក្យប្ដឹងចូលទៅអាជ្ញាធរឃុំ-ស្រុកដើម្បីរកយុត្តិធម៌ ហើយខាងអាជ្ញាធរ បានកោះហៅលោកទៅដោះស្រាយវិវាទ លោកក៏ទៅតាមការកោះហៅ ប៉ុន្តែភាគីខាងនោះ មិនដែលចូលដោះស្រាយឡើយចំនួន៣លើកឯណោះ៕