(កំពង់ធ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដាស់តឿនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងអស់ ត្រូវធ្វើជាគំរូល្អ និងចេះចែករំលែកបទពិសោធន៍ល្អៗ ដល់មន្ត្រីថ្នាក់ក្រោមឱ្យបានគ្រប់ៗគ្នា។

ការដាស់តឿនបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាលជាតិខេត្តកំពង់ធំ នៅស្នងការដ្ឋាននគរបាលខេត្តជាង ៥០០នាក់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានអបអរសាទរដល់មន្ត្រីនគរបាលដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិ ត្រូវតែខិតខំបម្រើអង្គភាព និងប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្រោយមើលឃើញថាក្នុងរយៈពេលចុងក្រោយទោះបីជាស្ថានភាពបទល្មើសមានការថយចុះក៏ដោយមន្ត្រីនគរបាល ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតួនាទី ភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណៈសុវត្ថិភាពសង្គមជូនប្រទេសជាតិប្រកបដោយប្រសិទ្ឋភាពខ្ពស់ ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់មូលដ្ឋាននានាឱ្យចំគោលដៅ ស៊ីជម្រៅដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងអធិការដ្ឋាននគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារ ត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុសត្រូវ សម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋពិសេសការងារដែលបញ្ជាពីស្នងការដ្ឋាននគរបាលខេត្តដល់ប៉ុស្តិ៍នគរបាល ក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ថា កងកម្លាំងត្រូវចូលរួមដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ សមធម៌ តម្លាភាព ការពង្រឹងវិធានការជំនាញសំដៅធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឱ្យកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខុដុមរមនា បង្កើនការផ្តល់សេវាសាធារណៈ ជាពិសេសការងារអត្តសញ្ញាណកម្ម ដើម្បីពន្លឿនប្រសិទ្ធិភាពការងារ រហ័សបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបន្ថែមថា ក្នុងនាមជាកងកម្លាំងត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ របស់កងកម្លាំងនគរបាលជាតិ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិធ្វើជាគំរូល្អក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅថែរក្សាបានអាយុជីវិតទ្រព្យសម្បត្តិ។

លោកស្នងការខេត្ត បានផ្ដាំផ្ញើដល់អធិការក្រុង ស្រុក និងមេប៉ុស្តិ៍ទាំងអស់ ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញត្រូវចេះសហការគ្នាអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើន ត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ ចុះតាមដានជាប្រចាំនៅតាមភូមិឃុំចុះផ្សព្វផ្សាយ ពីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ហើយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋដែលនៅក្នុងតំបន់មូលដ្ឋានជំរុញនិងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។

គួបញ្ជាក់ថា លោកវរសេនីយ៍ទោ ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក បានអានសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពី ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានចំនួន ៥៨២នាក់ ក្នុងនោះផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ២១៥នាក់ និងតម្លើងឋានន្តរស័ក្តិចំនួន ៣៦៧នាក់៕