(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំវេទិកាពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តក្រចេះ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក តុប ឈុនហេង ប្រធានសាលាដំដូងខេត្ត។

តាមរបាយការណ៍របស់នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត បានរាយការណ៍សង្ខេបអំពីស្ថានភាព និងបច្ចុប្បន្នភាព អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងខេត្តក្រចេះ សរុបចំនួន ៣១អង្គភាព ដោយក្នុងមានសមាគមចំនួន ៦សមាគម អង្គការជាតិ និអន្តរជាតិចំនួន២៥ អង្គការ ដែលមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងស្រុកព្រមទាំងសមាគមនានា នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោក វ៉ា ថន បានថ្លែងថា អង្គការមិនមែនរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធទទួលព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធពលអាក្រក់ក្នុងសង្គមដែលកើតចេញពីការបំផ្លើសព័ត៌មានបង្កឡើងដោយមជ្ឈដ្ឋានមួយចំនួន។

លោក វ៉ា ថន បានបន្តថា ព្រមទាំងសម្រាប់ធ្វើការជួយសម្របសម្រួលពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ មន្ត្រីរាជរដ្ឋាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការសង្គមស៊ីវិល ជាពិសេសរដ្ឋបាលខេត្តក្រចេះ និងបណ្តាអង្គការសមាគម សំដៅចូលរួមចំណែកការផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឃន៍នានា ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឈានទៅបង្កើតភាពដៃគូជាមួយដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមានដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ក្នុងការបំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាជននៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕