(កំពង់ចាម)៖ ដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់សហគ្រិនស្ត្រីវ័យក្មេងឱ្យបានកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ គម្រោងសហគ្រិននារីសកម្ម បានពង្រីកការិយាល័យគម្រោងទៅដល់ខេត្តកំពង់ចាម ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីវ័យក្មេង និងយុវជននៅក្នុងខេត្តមួយនេះ។

ការសម្ពោធបើកការិយាល័យឲ្យដំណើរការ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត ពោលមានវត្តមានលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចិន្តា អភិបាលខេត្ត និងលោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។ ពិធីនេះក៏មានការចូលរួម ពីមនុស្ស ៤០នាក់ ពីសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល ដៃគូ យុវជន អាជ្ញាធរខេត្តដែលមកពីមន្ទីរព័ត៌មាន និងមន្ទីរអប់រំ យុវជន និងកីឡា។

គោលបំណងរបស់កម្មវិធីនេះ រួមមាន៖

១៖ ប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យគម្រោងសហគ្រិននារីសកម្ម និងជូនដំណឹងដល់អាជ្ញធរដែនដី ស្ថាប័នជំនាញពាក់ និងអង្គការដៃគូស្ដីពីវត្តមាន និងការអនុវត្តគម្រោងសហគ្រិននារីសកម្មប្រចាំខេត្តកំពង់ចាម
២៖ បង្កើនឱកាស និងកិច្ចសហការ ជាមួយដៃគូ និងអ្នកពាក់ព័ន្ធផ្នែកអាជីវកម្ម ដែលកំពុងប្រតិបត្តការណ៍ជាប្រព័ន្ធអេកូសហគ្រិនក្នុងខេត្តកំពង់ចាម
៣៖ ណែនាំឱ្យស្គាល់នូវអង្គការដែលជាដៃគូអនុវត្តជាមួយអង្គការផេក ក្នុងគម្រោងសហគ្រិននារីសកម្មក្នុងខេត្ត។

លោកស្រី ប៉ាង ដានី បានថ្លែងការស្វាគមន៍គម្រោងសហគ្រិននារីសកម្ម របស់អង្គការផេកកម្ពុជា។ លោកស្រីចាត់ទុកថា គម្រោងនឹងនេះចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូសហគ្រិនភាព ព្រមទាំងកសាងសមត្ថភាពដល់សហគ្រិននារីវ័យក្មេង និងយុវជនក្នុងខេត្តកំពង់ចាម អំពីចំណេះដឹង និងជំនាញទាំងផ្នែករឹង ទាំងផ្នែកទន់ ធ្វើឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង និងដឹកនាំអាជីវកម្មរបស់ពួកគាត់ ដើម្បីសម្រេជោគជ័យ និងទៅតាមសេចក្តីប្រាថ្នារបស់ពួកគាត់។ «ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគម្រោង និងសហការី ក្នុងគម្រោងសហគ្រិននារីសកម្មទាំងអស់ ដែលបានផ្តួចផ្តើម និងគាំទ្រឲ្យមានគម្រោងដ៏មានសារៈសំខាន់នេះ ព្រមទាំងជ្រើសរើសខេត្តកំពង់ចាមយើងខ្ញុំជាខេត្តគោលដៅមួយ ក្នុងចំណោមខេត្តទាំង៧ ដើម្បីអនុវត្តគម្រោងនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី ប៉ាង ដានី។

សូមជម្រាបថា គម្រោងសហគ្រិននារីសកម្ម គឺជាគម្រោងរយៈពេល ៥ ឆ្នាំដែលអនុវត្តដោយអង្គការផេកកម្ពុជា និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់ស្ត្រីវ័យក្មេងនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជាដើម្បីទទួលបានសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ពួកគេ និងយល់ដឹងពីមាគ៌ាឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាច និងភាពជោគជ័យក្នុងនាមជាសហគ្រិន និងអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ។

លោកស្រី Hanh Nguyen នាយិកាស្ដីទីនៃបេសកកម្មទីភ្នាក់ងារអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា បានថ្លែងថា សេវាជាច្រើនសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាមានតែនៅរាជធានីភ្នំពេញ។ ស្ត្រី និងបុរសត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីទទួលបានអត្ថប្រយោជន៍ពីជំនួយបែបនេះ។

លោកស្ត្រីថ្លែងថា៖ «តាមរយៈការិយាល័យគម្រោងសហគ្រិននារីសកម្ម (WE Act) នៅថ្នាក់ខេត្ត ទីភ្នាក់ងារ USAID បាននាំមកនូវសេវាទាំងនេះនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងការបើកការិយាល័យគម្រោងនេះនៅខេត្តកំពង់ចាម។ នៅចុងខែនេះ WE Act ក៏នឹងផ្តល់ជូនសេវានៅខេត្តកំពត និងខេត្តព្រះសីហនុផងដែរ»