(កំពង់ធំ)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលការងារពង្រឹងសមត្ថភាពសមាគមថ្នាក់មូលដ្ឋានខេត្ត ឆ្នាំ២០២០ និងកំណត់ទិសដៅការងារឆ្នាំ២០២១។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតី លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ, លោកសួន ឡុញ ប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង ស្រុកកំពង់ស្វាយ, លោកបណ្ឌិត ព្រុំ វឌ្ឍនា ជាមន្រ្តីជាន់ខ្ពស់ជំនាញផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងជាតំណាងលោកនាយកអង្គការ API នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំខេត្តកំពង់ធំ។

កម្មវិធីនេះដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១ និងគាំទ្របច្ចេកទេសពីស្ថាប័នដៃគូអនុវត្តគម្រោងរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)ដែលមានសមាសភាពចូលរួមពីសមាជិក-សមាជិការក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ សរុបរួមចំនួន ៧៣ រូប (ស្រ្តី ១៩)។

ឆ្លៀតក្នុងឱកាសនេះលោក គៀង សេងគី បានកោតសរសើរចំពោះបណ្តាអង្គការជាដៃគូ និងសមាជិក-សមាជិការក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ និងអាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារ សហការណ៍ជាមួយសមាគម ដែលធ្វើឱ្យសមាគមរីកចម្រើនមកដល់ពេលនេះ ហើយក៏អរគុណជាពិសេសសដល់ហភាពអឺរ៉ុប ដែលបានចំណាយថវិកា របស់សហភាពអឺរ៉ុប ប្រចាំទេសកម្ពុជា ដើម្បីជួយគាំទ្រនៅក្នុងគម្រោងនេះផងដែរ។

លោកបានបន្តថា ដើម្បីឱ្យលោក លោស្រី ដែលជាសមាជិក សមាជិការ នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដដ្ឋាន នៅក្នុងផែនការអភិវឌ្ឍជាតិដំណាក់កាលទី២ បានទាល់តែលោក លោកស្រី មានការយល់ដឹងការងារទាំងនោះ ហើយខិតខំអនុវត្តន៍ការងារនៅក្នុងមូលដ្ឋាន ក្នុងនាមជាអាជ្ញាធរ ដែលបម្រើសេវាជួនប្រជាពលរដ្ឋអោយបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងមានប្រសិទ្ធភាព តម្លាភាព ដែលធ្វើអោយប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្នុងការផ្តល់សេវារបស់ពួកយើង ដោយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

លោក គៀង សេងគី បានថាបន្តថា គោលបំណងនៃសិក្ខាសាលារួមមានទី១៖ បង្ហាញអំពីរបាយការណ៍រីកចម្រើនផ្នែក អភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងសមាជិកក្នុងឆ្នាំ២០២០, ទី២៖ បង្ហាញភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែងទាក់ទងនឹងការអភិវឌ្ឍសមត្ថភាពសមាគម, ទី៣៖ បង្ហាញវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នៃគណៈកម្មាធិការនីមួយៗ, ទី៤៖ បង្ហាញផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២១ របស់គណៈកម្មាធិការនីមួយៗ និងទី៥៖ វាយតម្លៃលើភាពររីកចម្រើននៃការអភិវឌ្ឍសមត្ថភាពរបស់សមាគមតាមបញ្ជីសំណួរក្នុងទម្រង់ «ហ្គូហ្កល»។

ជាមួយគ្នានេះដែរប្រធានសមាគម បានសំណូមពរដល់សមាជិក-សមាជិការ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ ធ្វើយ៉ាងណាឱ្យមានសាមគ្គីភាព រវាងគ្នា និងគ្នាដើម្បីពង្រឹងសម្ថភាពក្នុងការដឹងនាំសហគមន៍មូលដ្ឋានរបស់ខ្លួនឱ្យបានរីកចម្រើន៕