(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានណែនាំបន្ថែមឱ្យស្នងការរងទទួលផែនព្រំដែន គឺលោកឧត្តមសេនីយ៍ត្រី មុត ទីលី ទទួលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ និងលោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ទទួលវរសេនាតូចនគរបាលការពារព្រំគោកលេខ៦២៣ ត្រូវអនុវត្តឱ្យខាងតែបានកុំឱ្យប្រជាពលរដ្ឋទាំងសង្ខាចេញ-ចូល តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។

ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីរឹតបន្តឹងការឆ្លងចេញ-ចូល ប្រជាពលរដ្ឋតម្រូវឱ្យអនុវត្តវិធានណែនាំរបស់ក្រសួងសុខាភិបាល, កម្លាំងនគរបាលវរការពារព្រំដែនត្រូវរឹតបណ្តឹង តាមគោលដៅឈរជើងរៀងៗខ្លួន ក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩នេះ។

ការណែបែបនេះរបស់លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទនាំគញរឿងឧបភោគ បរិភោគ ប្រគល់ជូនកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៦២៣ និង២០៣ ដែលកំពុងឈរជើងការពារតាមព្រំដែនទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈខេត្តមួយចំនួន នៃប្រទេសវៀតណាម កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍។

ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងនគរបាលវរការពារព្រំដែនគោក ដែលឈរជើងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង តាមព្រំដែននោះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន និងមន្ត្រីក្រោមឱវាទនាំគ្រឿងឧបភោគ បរិភោគដូចជាកម្លាំងឈរជើងជួរមុខក្នុង១ គោលដៅទទួលបានមីម៉ាៗ ០៣កេសតូច សរុប១១គោលដៅ ស្មើនឹង៦៣កេសតូច, ទឹកសុទ្ ធ០៥យួរ សរុប២១គោលដៅ ស្មើនឹង ១០៥យួរ។ រីឯវរសេនាតូចនគរបាលការពារព្រំដែនគោក៦២៣ ទទួលបានត្រីខកំប៉ុង ៦៥០កំប៉ុង, ទឹកស៊ីអ៉ីវ ៧៨ដប, ទឹកសុទ្ធ ៥០យួរ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ ត្រីខកំប៉ុង ៥៥០កំប៉ុង, ទឹកស៊ីអ៉ីវ ៦៦កំប៉ុង និងទឹកសុទ្ធ ៤៤យួរ។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តរតនគិរី ក៏បានផ្តាំផ្ញើ និងសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីនគរបាល ក្នុងការខិតខំប្រឹងប្រែង ដើម្បីផ្តល់សេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ៕