(ត្បូងឃ្មុំ)៖ ដើម្បីកសាងពង្រឹងពង្រីកសមាជិកគណបក្សនៅក្នុងមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា ចំណាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំក្រែក បានថ្លែងថា សមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ចំនួន៣៣៣នាក់ ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងឃុំទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ ជាពិសេសគឺវិធាន បង្ការទប់ស្កាត់ ជំងឺកូវីត១៩មិនឱ្យរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដោយពុំមានអ្នកស្លាប់នោះឡើយ។

លោកបន្តថា «សមាជិកថ្មីទាំង៣៣៣នាក់ ដែលបានបញ្ចូលជាសមាជិកបក្សនាឱកាសនេះ គឺមានតួនាទីយ៉ាងសំខាន់ដោយខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។ ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា។ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ចកាល និងការជួយគ្នាទៅវិញទៅមកជាការសំខាន់ណាស់។ ត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិក គណបក្សថ្មីជាពិសេសក្នុងស្រទាប់យុវជនដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិក គណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ ជាមួយគណបក្សនិងបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា»

លោក ជា ចំណាន បានបញ្ជាក់ថា មួយវិញទៀត ការយល់ដឹង និងការចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជារួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕