(ព្រះវិហារ)៖ ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ពិសេសតំបន់ជាប់ព្រំដែនជាមួយប្រទេសឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពី ស្រុកឆែប ខេត្តព្រះវិហារ អាជ្ញាធរខេត្ត បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះពង្រឹងការចេញចូលឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២។

អភិបាលស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទីទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលមាន២៤គីឡូម៉ែត្រ ស្របតាមទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រឡៅពីរ ស្រុកឆែប ត្រូវបានដាក់កម្លាំងចម្រុះត្រួតពិនិត្យជាប្រចាំ ដែលការងារសំខាន់គឺពង្រឹងការត្រួតពិនិត្យមើលការឆ្លងដែន របស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងការឆ្លងដែនរបស់បងប្អូនពលករផងដែរ។

លោកអភិបាលស្រុកឆែប បានថ្លែងបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-ឡាវ ពិនិត្យមើលមណ្ឌលធ្វើ ចត្តាឡីស័ក និងដឹកនាំកិច្ចប្រជុំណែនាំឲ្យកងកម្លាំងទាំងអស់ដែលឈរជើងតាមព្រំដែន ត្រូវពង្រឹងការត្រួតពិនិត្យ ការចេញចូលឆ្លងដែនរវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ពិសេសត្រួតពិនិត្យមើលកុំឲ្យមានការឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលករជាដាច់ខាត។

លោក សុខ សាន្តតារ៉ា បានថ្លែងទៀតថា អនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាប្រចាំ ក្នុងទិសដៅលើកទឹកចិត្ត ដល់មន្ត្រីនិងកងកម្លាំងដែលកំពុងឈរជើងតាមគោលដៅនីមួយៗ ជាមួយនឹងការណែនាំបន្ថែមឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការឆ្លងដែនរបស់ពលករ បើសិនជាមានការឆ្លងដែនមែនដាច់ខាត ត្រូវតែបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក នៅទីតាំងដែលគណៈកម្មការស្រុកបានរៀបចំ មិនអនុញ្ញាតឲ្យបន្តដំណើរដោយមិនបានធ្វើចត្តាឡិស័ករយៈពេល ១៤ថ្ងៃនោះទេ៕