(ភ្នំពេញ)៖ បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមមាញឹក ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌ នៃការទទួលវ៉ាក់សាំង ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើតាមមន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាសញ្ញាដ៏ល្អមួយ ក្នុងការត្រឡប់មកវិញ នូវប្រក្រតីភាព ក្នុងការស្ដារសេដ្ឋកិច្ចជាតិ ហើយក៏ជាវិធានការមួយ ក្នុងការបង្ហាញនៃភាពទំនុកចិត្ដ ទាំងអ្នកធ្វើធុរកិច្ច ប្រជាជន និងអ្នកវិនិយោគ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការចាក់វ៉ាក់សាំង ជាសញ្ញានៃការចាប់ផ្ដើមសារឡើងវិញ ប្រក្រតីភាពថ្មី ទោះបីក្នុងទម្រង់ថ្មីក៏ដោយតែនេះជាសញ្ញាមួយ បង្ហាញអំពីការងើបឡើងវិញ នូវសេដ្ឋកិច្ចជាតិ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចាក់វ៉ាក់សាំង អាចធ្វើឲ្យបង្កើននូវទំនុកចិត្ដ បរិយាកាសទីផ្សារ មានកំណើនជាងមុន ហើយរំពឹងទុកថា សកម្មភាពសេដ្ឋកិច្ច នឹងអាចមានការកើនឡើងជាបន្ដបន្ទាប់»

លោកបន្ថែមទៀតថា «ការចាក់វ៉ាក់សាំង គឺជាសញ្ញាក្នុងការត្រឡប់មកវិញ នូវប្រក្រតីភាពទោះបីជាប្រក្រតីភាព ក្នុងទម្រង់ថ្មីក៏ដោយ ប៉ុន្ដែជាវិធានការមួយ បង្ហាញនៃភាពទំនុកចិត្ដ ទាំងអ្នកធ្វើធុរកិច្ច ទំនុកចិត្ដទាំងប្រជាជនទូទៅ ទំនុកចិត្ដទាំងអ្នកវិនិយោគ»

បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា កាលណាទីផ្សារក្នុងប្រទេស មានសកម្មភាពឡើងវិញ វាអាចធ្វើឲ្យចរន្ដផ្សេងៗទៀត ដូចជា៖ នាំចេញ-នាំចូល ក៏វាកម្រើកទៅតាមនឹងដែល។

ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានលើកឡើងថា ទីផ្សារប្រទេសកម្ពុជា ជាមួយនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទោះបីជាមិនមានការប៉ះពាល់ខ្លាំងក្ដី ប៉ុន្ដែចង់ឲ្យទៅរកការប្រក្រតីភាពដូចមុនកូវីដ-១៩ ដោយលោកថា បើសិនជាទីផ្សារមានប្រក្រតីភាព គឺមានកម្លាំងបញ្ជាទិញច្រើន។

ក្នុងនាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ រំពឹងទុកថា ទំហំនាំចេញនាំចូល របស់កម្ពុជា ជាមួយប្រទេសដទៃ នឹងមានការកើនឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង។ លោកថា «វ៉ាក់សាំងកូវីដ-១៩ ជាសញ្ញាដ៏ល្អមួយ សម្រាប់ពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មអន្ដរជាតិ»