អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តសៀមរាប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តសៀមរាប ដឹកនាំដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។

ថ្លែងក្នុងឱកាសនោះ លោក អ៊ាន ឃុន បានឲ្យដឹងថា បន្ទាប់ពីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ បានចេញដីកា និងសេចក្តីសម្រេច ចំនួន១៣ ក្នុងនោះមានដីកាបទបញ្ជាផ្ទៃក្នុង ចំនួន០១ និងសេចក្តីសម្រេច ចំនួន១២។ ក្រៅពីនេះក៏បានអនុម័តលើប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្តទៅតាមឆ្នាំនីមួយៗ បានចំនួន០២ ហើយបានរៀបចំកិច្ចប្រជុំសាមញ្ញចំនួន ២០លើក វិសាមញ្ញចំនួន ០២លើក និងសម្ងាត់ចំនួន ០៣លើក។ ដោយឡែក ក្នុងឆ្នាំ២០២០ បានអនុវត្ត និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយបានរៀបចំកិច្ចប្រជុំសាមញ្ញ ១២លើក កិច្ចប្រជុំវិសាមញ្ញចំនួន ០១លើក (កិច្ចប្រជុំសម្ងាត់បានចំនួន ១លើក)។

លោកបន្ដថា ក្រុមប្រឹក្សាខេត្តបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍ នៅក្នុងអាណាតិ្តទី៣ ដោយបង្កើនប្រសិទ្ធ-ភាព គុណភាព និងតម្លាភាព នៃការផ្តល់សេវាសាធារណៈក្នុងខេត្ត ជំរុញ និងកែលម្អនូវសេវាកម្ម និងផលិតផលនានា ដែលបម្រើឲ្យវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក៏ដូចជាលើកកម្ពស់នូវសោភ័ណ្ឌភាពក្នុងខេត្ត ឲ្យស្របតាមសក្តានុពលទេសចរណ៍ដែលខេត្ត មានការយកចិត្តទុកដាក់លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសម្បត្តិវប្បធម៌ប្រពៃណីជាតិ ដែលមានក្នុងខេត្ត។

ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍ នៅក្នុងអាណាតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តមានគោលបំណងអភិវឌ្ឍន៍ចម្បងៗចំនួន ៤ផ្នែក រួមមាន ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ផ្នែកគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

បើតាមលោកប្រធានក្រុមប្រឹក្សា ក្រោយពីក្រុមប្រឹក្សាខេត្ត បានអនុម័តក្របខណ្ឌអភិវឌ្ឍខេត្ត ផែនការអភិវឌ្ឍប្រាំឆ្នាំ និងផែនការវិនិយោគបីឆ្នាំរំកិល ដែលមានសំណើគម្រោងពីគ្រប់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ហើយក្នុងនោះ គម្រោងវិនិយោគរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់អនុវត្តក្នុងឆ្នាំ២០២០ សរុបចំនួន១៩៧គម្រោង ក្នុងនោះគម្រោងមានការសន្យាគាំទ្រ ដោយរដ្ឋបាលខេត្តសរុបចំនួន៥២គម្រោង និងគម្រោងមានការគាំទ្រតាមបណ្តាមន្ទីរ-អង្គភាពសរុប ចំនួន១៤៥គម្រោង។

ការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានទទួលពីវេទិកាផ្សព្វផ្សាយឆ្នាំ២០១៩ មានចំនួន៣០៧ ហើយសំណួរ-សំណូមពរ បានដោះស្រាយ និងឆ្លើយបំភ្លឺសរុបបានចំនួន ២១៧សំណួរ-សំណូមពរ នៅសល់ចំនួន ៦៦សំណួរ-សំណូមពរ ដែលបានដាក់យន្តការឲ្យដោះស្រាយ និងកំពុងដំណើរការដោះស្រាយ។

ក្រុមប្រឹក្សាខេត្តបានបង្កើតក្រុមការងារចុះគាំទ្រ និងចូលរួមការងារសម្របសម្រួលក្នុងកិច្ចប្រជុំ និងចុះដល់តាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាព ដើម្បីទទួលបានព័ត៌មាន ផ្តល់យោបល់ និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាព បានចំនួន ៤៦៨លើក៕