(តាកែវ)៖ ពលករខ្មែរចំនួន២នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ តាមច្រកឡែម ស្រុកកំរៀង ខេត្តបាត់ដំបង និងតាមច្រកចាំយាម ខេត្តកោះកុង ប៉ុន្តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខេត្តតាកែវ ចាប់យកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយរយៈពេល១៤ថ្ងៃ ព្រមទាំងយកសំណាក ពិនិត្យស្វែងរកជំងឺកូវីដ១៩។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មានពលករខ្មែរចំនួន១៣នាក់ បានលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃតាមច្រកឡែម ប៉ុន្តែត្រូវបានសមត្ថកិច្ចខេត្តតាកែវ ចាប់យកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, គោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ខ្ញុំបានចុះទៅសណ្ឋាគារ (7 Day in hotel) ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងយកព័ត៌មានពីពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសជិតខាងចំនួន២នាក់»។
បើតាមលោកស្នងការខេត្ត ពលករខ្មែរទាំង២នាក់នោះរួមមាន៖
*ទី១៖ ឈ្មោះ ម៉ៃ ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ឆ្លងដែនមកពីប្រទេសថៃតាមច្រកឡែមខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ចូលធ្វើចត្តាឡីស័កនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
*ទី២៖ ឈ្មោះ គង់ ជូ ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឆ្លងដែនមកពីប្រទេសថៃតាម (ច្រកចាំយាម ខេត្តកោះកុង) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចូលធ្វើចត្តាឡីស័កតែម្តង។
បច្ចុប្បន្នពួកគាត់ទាំង០២នាក់ កំពុងធ្វើចតា្តឡីស័កនៅសណ្ឋាគារមួយ ទីរួមខេត្តតាកែវ ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង៕