(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឱកាសចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) នៅខេត្តស្វាយរៀង បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ខេត្តស្វាយរៀង គឺជាខេត្តគោលដៅមួយ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានផ្លូវជនបទក្រាលកៅស៊ូចំនួន១ខ្សែ ប្រវែង៨ គីឡូម៉ែត្រ និងផ្លូវចំនួន ៤ខ្សែទៀត ដែលមានប្រវែងសរុប ៥៧.២ គីឡូម៉ែត្រ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការថ្លែងបែបនេះ ក្នុងឱកាសបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អញ្ជើញចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ នៅខេត្តស្វាយរៀង ដោយមានការចូលរួមអមដំណើរដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត។
* ខ្សែទី១៖ ដែលតភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជ្យមុន្ទី និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគ្រោងបញ្ចប់ ១០០% នៅមុនខែមិថុនា ឆ្នាំ២០២២។
* ខ្សែទី២៖ ដែលតភ្ជាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ប្រវែង ១១.០៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
* ខ្សែទី៣៖ ដែលតភ្ជាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ប្រវែង ៩.១៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
* ខ្សែទី៤៖ ដែលតភ្ជាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល ប្រវែង ២៤.៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
* ខ្សែទី៥៖ ដែលតភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១.៩ គីឡូម៉ែត្រក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដូចជាគម្រោងកែលម្អផ្លូវជនបទជំហាន ទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៦រួមមាន៖ ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, កណ្តាល, ព្រៃវែង និងខេត្តស្វាយរៀង លើប្រវែងផ្លូវសរុប ១១៩.៤៦គីឡូម៉ែត្រ និងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមឥណទានសប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងខេត្តក្រចេះ លើប្រវែងផ្លូវសរុប ៣៤០.៧៦គីឡូម៉ែត្រ។
បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែជួយដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគមនាកមន៍នៅជនបទ និងបានក្រើនរំលឹកដល់ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្រ្ដីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕