(ភ្នំពេញ)៖ អ្នកស្រី អួន គឹមយ៉ុន ម្តាយរបស់អ្នកគ្រូ ឆន ណារី បានចេញមកបញ្ជាក់ និងអះអាងថា កូនស្រីរបស់ខ្លួនមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ដូចការបំភ្លៃរបស់ជនគ្មានសតិមួយចំនួននោះឡើយ។
អ្នកស្រី អួន គឹមយ៉ុន អាយុ ៣៨ឆ្នាំ រស់នៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបញ្ជាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អ្នកគ្រូ ឆន ណារី អាយុ ២១ឆ្នាំ ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យស្នួលនោះ បានកើតមានជំងឺក្ដៅខ្លួន និងឈឺក្បាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ក្រោយកើតមានអាការៈនោះ គ្រួសារបានយកទៅព្យាបាលនៅផ្ទះប្រធានមណ្ឌលសុខភាពចំបក់ ស្រុកព្រែកប្រសព្វ។ តែព្យាបាលមិនជា ហើយនៅតែក្តៅខ្លួន ក៏បានបញ្ជូនទៅពេទ្យកំពង់ចាម រួចពេទ្យក៏បញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែត។
អ្នកស្រីជាម្តាយអ្នកគ្រូ ឆន ណារី បានបញ្ជាក់ថា ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានពិនិត្យឃើញថា ជាជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ហើយបន្តព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល១៧ថ្ងៃ។
បើទោះបីក្រុមគ្រូពេទ្យប្រឹងប្រែងព្យាបាលយ៉ាងណា ក៏បានអាចជួយសង្គ្រោះអ្នកគ្រូ ឆន ណារី ពីជំងឺនេះបានឡើយ ហើយទទួលមរណភាពនៅក្នុងមន្ទីរពេទ្យនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកស្រី អួន គឹមយ៉ុន បានបញ្ជាក់ថា អ្នកគ្រូ ឆន ណារី មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះឡើយ។ ការបាត់បង់កូនស្រីជាទីស្រឡាញ់របស់ខ្លួន គឺជាការស្តាយស្រណោះ និងសោកសៅណាស់ទៅហើយសម្រាប់អ្នកស្រី អួន គឹមយ៉ុន និងក្រុមគ្រួសារ។ តែវារឹតតែសោកសៅ និងឈឺចាប់បន្ថែមមួយកម្រិតថែមទៀត នៅពេលមរណភាពរបស់កូនស្រី ត្រូវបានក្រុមមនុស្សគ្មានសតិមួយចំនួន យកទៅបំភ្លៃខុសពីការពិតធ្វើឱ្យមានការភ័ន្តច្រឡំនៅក្នុងសង្គម។
អ្នកស្រី អួន គឹមយ៉ុន បានប្រកាសថ្កោលទោសចំពោះក្រុមមនុស្សបំភ្លៃការពិតលើរឿងមរណភាពកូនស្រីខ្លួននេះ និងសូមអំពាវនាវឱ្យសមត្ថកិច្ចអនុវត្តតាមវិធានច្បាប់ដល់ជនទាំងឡាយដែលយករូបសពកូនស្រីខ្លួនទៅបំផុសបំផុលខុសពីការពិតធ្វើឱ្យចលាចលក្នុងសង្គម។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អ្នកស្រី អួន គឹមយ៉ុន បានធ្វើឡើងបន្ទាប់ពីបុគ្គលឈ្មោះ សឺន ហាយ ជាខ្មែរកម្ពុជាក្រោម កំពុងរស់នៅប្រទេសបារាំង និងបុគ្គលឈ្មោះ «អាសង្ហា» ពលករខ្មែរខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូង បានយកការស្លាប់របស់អ្នកគ្រូ ឆន ណារី ទៅផ្សព្វផ្សាយថា អ្នកគ្រូស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន។
ពាក់ព័ន្ធនឹងការបំភ្លៃព័ត៌មាននេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានចេញមកច្រានចោលផងដែរ។ លោកស្រី បានបញ្ជាក់ថា ក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជំនួយរបស់ចិន ចំនួនជិត ៣ពាន់នាក់នោះ មិនទាន់មានគ្រូបង្រៀននៅឡើយទេ។
ការបំភ្លៃព័ត៌មានរបស់បុគ្គលឈ្មោះ សឺន ហាយ និង «អាសង្ហា» នេះ ក៏នាំឱ្យមានការប្រតិកម្មពីមហាជនជាច្រើន។ ពួកគេបានសម្តែងការរិះគន់ និងការជេរប្រទេចចំពោះការបំភ្លៃព័ត៌មានរបស់បុគ្គលទាំងពីររូបនេះផងដែរ៕