(ភ្នំពេញ)៖ ការវិនិយោគលើកសិឧស្សាហកម្មផ្នែកចម្ការឈើដាំជារឿងថ្មី នៅកម្ពុជា តែការវិនិយោគនេះត្រូវបានអ្នកជំនាញផ្នែកបរិស្ថាន និងព្រៃឈើមើលឃើញថាវាជាដំណើរលើផ្លូវដ៏ត្រឹមត្រូវមួយរបស់កម្ពុជា នៅក្នុងការបង្កើតជម្រើសថ្មីលើការប្រើប្រាស់ឈើប្រកបដោយនិរន្តរភាព បង្កើតការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋនៅតាមជនបទ និងចូលរួមកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងការពារបរិស្ថាន។
ចម្ការឈើដាំជិត ៥,០០០ហិកតា ដែលក្រុមហ៊ុន ស៊ីង បាយអូថេក បានដាំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅលើផ្ទៃដី ៣៤,០០៧ហិកតា ដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរាជរដ្ឋាភិបាល គឺជាក្តីសង្ឃឹមថ្មីរបស់កម្ពុជា លើការវិនិយោគលើកសិឧស្សាហកម្មចម្ការឈើដាំ ហើយគេជឿជាក់ថា កម្ពុជានឹងអាចបោះជំហានទៅមុខដោយស្វាហាប់លើវិស័យនេះ និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន លើវិស័យចម្ការឈើដាំ។
លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុនស៊ីង បាយអូថេក បានឱ្យដឹងថា ការបង្កើតចម្ការឈើដាំមិនត្រឹមតែកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ឈើធម្មជាតិនោះទេ ថែមទាំងផ្តល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
បើតាមអ្នកជំនាញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ដីសហការដាំដើមឈើជាមួយរដ្ឋយ៉ាងតិច ២លានហិចតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៧០ ទៅ៨០ម៉ឺននាក់»។
អ្នកជំនាញរូបនេះបានជំរុញឱ្យមានការយក ចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត លើការវិនិយោគចម្ការឈើដាំនៅកម្ពុជា ព្រោះវានឹងផ្តល់ផលប្រយោជន៍ ច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Run Peng Wei បានថ្លែងថា សម្រាប់ទិន្នផលមួយហិកតា នៃចម្ការឈើដាំ គឺអាចប្រមូលបានទំហំ ១៥០ម៉ែត្រគូប ប៉ុន្តែសម្រាប់គុណភាពដើមប្រេងខ្យល់ដែលក្រុមហ៊ុនស៊ីងបាយអូថេក ដាំបាននេះ គឺអាចទទួលទិន្នផលអាចលើសពី ១៥០ម៉ែត្រគូបក្នុងមួយហិកតា។ បន្ថែមពីនេះបើតាមតម្លៃនៅលើទីផ្សារបច្ចុប្បន្ននេះ អាចមានតម្លៃចាប់ពី ៤០ដុល្លារ ឬអាចឡើងដល់ ៦០ដុល្លារ ទៅតាមតម្រូវទីផ្សារក្នុងពេលអនាគត។
លោក Run Peng Wei បានបន្តថា ក្រោយពីផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ក្រុមហ៊ុនក៏បានសំឡឹងមើលទីផ្សារក្រៅប្រទេសផងដែរដូចជា៖ ប្រទេសចិន កូរ៉េជាដើម។ល។ លោកបានឱ្យដឹងថាប្រទេសវៀតណាម និងប្រទេសថៃ ដែលនៅជាប់ប្រទេសកម្ពុជា ប្រទេសនីមួយៗ មានចម្ការឈើដាំប្រមាណ ៦០ម៉ឺនហិកតា ដែលលក់បានទឹកប្រាក់ចំណេញជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ។
ទាក់ទងនឹងការវិនិយោគចម្ការឈើដានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំមន្ត្រី និងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរ យុវជនប្រមាណជាង ៣០០នាក់ ទៅទស្សនកិច្ចចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងអបអរសាទរចំពោះភាព ជោគជ័យនៃការដាំចម្ការឈើរបស់ក្រុមហ៊ុន ដោយប្រភេទឈើដែលដាំរួមមានដើមប្រេងខ្យល់ ដើមម៉ៃសាក់ និងប្រភេទឈើផ្សេងទៀត មានការរីកលូតលាស់បានល្អ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា ការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើដែលបាននិងកំពុងថែរក្សាក្នុងក្របខណ្ឌឥណទានកាបូន ថែមទៀតផង។
ទន្ទឹមនឹងនេះក្នុងនាមលោករដ្ឋមន្ត្រី សាយ សំអាល់ លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តនិងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើចម្ការឈើដាំ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋសិក្សាពីផលប្រយោជន៍នៃចម្ការឈើដាំ រួមនឹងការសហការណាមួយជាមួយក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីពង្រីកចម្ការឈើដាំនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានបញ្ជាក់ពីសារៈប្រយោជន៍នៃចម្ការឈើ គឺគេអាចយកផលមកប្រើប្រាស់កែច្នៃបានច្រើនយ៉ាង។ ចម្ការឈើដាំនេះ បានដើរតួនាទីយ៉ាងសំខាន់ណាស់ដែលឈើទាំងអស់នេះ នឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឱ្យបានគង់វង្ស។ ចម្ការឈើដាំដែលបាននឹងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ី នៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។
លោកបានបន្ថែមថា ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយសម្ពាធទៅលើធម្មជាតិពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោក និន្នាការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយ និងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ៕